ព័ត៌មានទាន់ហេតុការណ៍៖

ឡូយ ច័ន្ទរស្មី Miss Cambodia 2024 នឹងហោះទៅហ្វីលីពីន និងឥណ្ឌា មុនឡើងទៅដណ្តើមមកុដនៅជប៉ុន

ចែករំលែក៖

ភ្នំពេញ ៖ ក្លាយជាគ្រាប់ពេជ្ររបស់កម្ពុជា និងធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលខ្លាំងនឹងកម្មវិធីដែល ជ្រើសរើសបានម្ចាស់មកុដ Miss Cambodia 2024ដែលពោរពេញដោយសមត្ថភាព ភាពជឿជាក់ និងចំណេះដឹង។ បើនិយាយពីភាសាវិញកញ្ញា ឡូយ ច័ន្ទរស្មី អាចនិយាយបានល្អពេញដោយសិល្បៈនៃការបត់បែន ហើយក្នុងនោះនាងអាចប្រើបាស់បានយ៉ាងស្ទាត់ជំនាញលើភាសាអង់គ្លេស ភាសាចិនកុកងឺ ភាសាឥណ្ឌូនេស៊ី និងភាសាជប៉ុនខ្លះៗផងដែរ។ អាចជាដំណឹងល្អសម្រាប់អ្នកតាមដានវិស័យកញ្ញាឯកហើយនៅពេលនេះ គឺកញ្ញាឯកដែលបញ្ចប់ការសិក្សានៅប្រទេសឥណ្ឌូនេស៊ីរូបនេះនឹងត្រៀមខ្លួនធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីន និងប្រទេសឥណ្ឌា ដែលគេដឹងថានឹងអាចនឹងចំណាយពេលវេលាក្នុងមួយប្រទេសមិនក្រោម១សប្តាហ៍ឡើយដើម្បីហ្វឹកហាត់ដើរបង្ហាញម៉ូត និងទទួលយកបទពិសោធន៍បន្ថែមពីអ្នកជំនាញ និងកញ្ញាឯកនៅទីនោះ។

គេដឹងថាមុននេះលោកឧកញ៉ា ចិន សំណាង ម្ចាស់ហាងមាសពេជ្រ CSNJ និងអ្នកជំនាញជាច្រើន បានពោលសរសើរឥតដាច់ចំៗនៅពីមុខនាងថាជាកញ្ញាឯកដែលមានសមត្ថភាពចំណេះដឹងពោរពេញដោយភាពបត់បែនដែលពួកគាត់មិនធ្លាប់បានជួប ហើយស្រាប់តែពេលនេះនាងបានឱកាសចេញទៅបន្ថែមបទពិសោធន៍ពីកញ្ញាឯក និងអ្នកជំនាញបន្ថែមទៀតគឺកាន់តែពិសេស ដូចដែលពាក្យចាស់ថាខ្លាដុះស្លាបតែម្តង។ មានការទម្លាយដែរថានាងក៏បានត្រៀមទាំងឈុតស្អាតប្រណីតមួយចំនួនដែលរចនាយ៉ាងសម្រិតសម្រាំងដើម្បីបង្អូតសម្រស់នៅលើទឹកដីនៃប្រទេសទាំង២ផងដែរ។ គេជឿជាក់ថាក្រោយចេញដំណើរទៅកាន់ប្រទេសជឿនលឿនផ្នែកវិស័យប្រគួតកញ្ញាឯកនេះនាងនឹងកាន់តែមានទំនុកចិត្តខ្ពស់ថានឹងអាចបើកទ្វារឲ្យកម្ពុជាចូលទៅកាន់Top ណាមួយពីកម្មវិធីMiss International 2024 ដែលជាកម្មវិធីប្រគួតសម្រស់កំពូលមួយក្នុងចំណោមកម្មវិធីធំទាំង៣នៅលើសាកលលោក។ គេជឿជាក់ដែរថា ឱកាសនេះច្បាស់ណាស់អាចនឹងមានការជួយជ្រោមជ្រែងពីហាងមាសពេជ្រល្បីឈ្មោះCSNJរបស់លោកឧកញ៉ា ចិន សំណាង ដែលជាហាងតែងតែជួយគាំទ្រវិស័យប្រគួតសម្រស់នៅកម្ពុជាជាច្រើនឆ្នាំកន្លងមកហើយនិងចង់ឃើញកញ្ញាឯកពីកម្ពុជាឈ្នះតំណែងណាមួយពីឆាកអន្តរជាតិ។

គួរបញ្ជាក់ដែរថា ៖ ស្ថិតក្នុងវ័យ២៣ឆ្នាំ កញ្ញា ឡូយ ច័ន្ទរស្មី បានបញ្ចប់ការសិក្សាថ្នាក់ច្នៃម៉ូតសម្លៀកបំពាក់នៅប្រទេសឥណ្ឌូនេស៊ី និងមានបទពិសោធន៍ច្រើនលើកិច្ចការងារសង្គម និងអង្គការផងដែរ។ ក្នុងបទសម្ភាសន៍មុននេះនេះ កញ្ញា ឡូយ ច័ន្ទរស្មី បានលើកឡើងចំនុចសំខាន់ ៣ ធំៗដែលជួយឱ្យនាងដណ្តើមបានមកុដ Miss Cambodia 2024។ ទី១. នាងបានចំណាយពេលសិក្សាស្វែងយល់យ៉ាងលម្អិតពីកម្មវិធី និងអ្វីដែលកម្មវិធីត្រូវការ , ទី២. ការប្រតិបត្តិខ្លួន និងប្រវត្តិការសិក្សារបស់នាងត្រូវនឹងអ្វីដែលកម្មវិធីត្រូវការតែម្តង និងទី៣. គឺចំណេះដឹងផ្នែកភាសា ដែលនាងមានសមត្ថភាពខ្ពស់អាចនិយាយបាន ៤ ភាសា រួមមានខ្មែរ អង់គ្លេស ចិនកុកងឺ និងឥណ្ឌូណេស៊ី។ ទៀតសោត ថ្មីៗនេះនាងក៏បានរៀននិយាយភាសាជប៉ុន ទុកសម្រាប់ប្រើប្រាស់ពេលចេញទៅប្រកួតនៅទីនោះចុងឆ្នាំ ២០២៤នេះផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖