ខេត្តត្បូងឃ្មុំ÷ក្មេងទំនើង០១ក្រុម នាំគ្នាជិះម៉ូតូជាច្រើនគ្រឿងប្រដាប់ដោយដាវ និងកាំបិត ចូលមកកាប់បំផ្លិចបំផ្លាញម៉ូតូនៅហាងកាហ្វេមួយកន្លែង ក្នុងស្រុកមេមត់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១៨និង១០នាទី នៅចំណុចហាងកាហ្វេយីហោឈ្មោះ នីកា កាហ្វេ ស្ថិតនៅភូមិដារផ្សារ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ពេលធ្វើសកម្មភាពរួចក្រុមក្មេងទំនើង បានជិះម៉ូតូគេចខ្លួន។ ប៉ុន្តែ ភ្លាមនោះកម្លាំងកងរាជអាវុធហត្ថ និងកម្លាំងសមត្ថកិច្ចនគរបាលស្រុកមេមត់បានដេញតាមដោយកម្លាំងកងរាជអាវុធ ហត្ថស្រុកបើករថយន្តដេញតាមទាន់ក្រុមក្មេងទំនើង នៅចំណុចភូមិព្រែកពួយ ឃុំគគីរ ស្រុកមេមត់ ឃាត់បានចំនួន០៤នាក់ ។
ប្រភពបានបន្តថា ក្មេងទំនើងដែលឃាត់ខ្លួនបានរួមមានឈ្មោះ ១.ឈ្មោះ យ៉ា សូនី ភេទប្រុស អាយុ១៦ឆ្នាំ ខ្មែរ ឥស្លាម, ២.ឈ្មោះ ហ៊ីម វ៉េហ៊ីតុង ភេទប្រុស អាយុ១៨ឆ្នាំ ខ្មែរ ឥស្លាម,៣.ឈ្មោះ អូស្មាន ហារីហ្វីនភេទប្រុស អាយុ ២០ឆ្នាំខ្មែរ ឥស្លាម និង ៤.ឈ្មោះ គ្រីម រូមី ភេទប្រុស អាយុ២០ឆ្នាំ ជាតិខ្មែរ ឥស្លាម រស់នៅភូមិព្រែកពួយ ឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ចំណែកបក្សពួកផ្សេង ទៀតរត់គេចខ្លួនអស់ ។
សមត្ថកិច្ចបញ្ជាក់ថា នៅក្នុងពេលចុះបង្ក្រាបនោះផងដែរ មានប្រជាពលរដ្ឋរស់នៅភូមិព្រែកពួយ (ខ្មែរ ឥស្លាម) ប្រហែល១៥០នាក់ នាំគ្នាហាមឃាត់ព័ទ្ធកម្លាំងសមត្ថ កិច្ច មិនឲ្យនាំសង្ស័យខាងលើមកសួរនាំទេ។ ពេលនោះលោកឧត្តមសេនីយិ៍ទោ ចិន នី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូឃ្មុំ និងកម្លាំងកងរាជអាវុធហត្ថខេត្ត បានប្រើនីតិវិធីជាបន្តបន្ទាប់ ទើបនាំជនសង្ស័យទាំង ០៤នាក់ខាងលើបាន ។
សូមបញ្ជាក់ថា បច្ចុប្បន្ន ជនសង្ស័យទាំង០៤នាក់ខាងលើ នាំយកទៅសាកសួរនៅបញ្ជាការដ្ឋានកង រាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕