ភ្នំពេញ ៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ជា ប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ចាម អញ្ជើញបេីកវេទិកាសាធារណៈ ដើម្បីពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ និងដើម្បីដោះស្រាយបញ្ហាប្រឈម និងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដែល បាន ធ្វើ ឡើង នាព្រឹកថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៤ នៅវត្តបទុមរតនៈ ដីដុះ ស្ថិត ក្នុងសង្កាត់ វាលវង់ ក្រុងកំពង់ចាម ។
ក្នុងអង្គវេទិកានេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំការឆ្លើយតបចំពោះ សំណើរ សំណូមពរ និងកង្វល់ ចំនួន ៨ ដែលបងប្អូនប្រជាពលរដ្ឋបាន លើកឡើង រួមមាន បញ្ហា ស្ថាបនា ប្រព័ន្ធ លូ ដែល ប៉ះពាល់ ដល់ ផ្លូវ ធ្វើ ដំណើរ បញ្ហា កកស្ទះ ចរាចរណ៍ នៅ គល់ ស្ពាន គីហ្សូណា បញ្ហា សេវា កម្ម ទឹកស្អាត បញ្ហា ទឹក លិច ក្រោម ផ្ទះ សុំ កសាង ប្រព័ន្ធ លូ រំដោះ ទឹក ។ ល។ ដែល ត្រូវបានដោះស្រាយនៅនឹងកន្លែងតែម្ដង។
លោក អ៊ុន ចាន់ដា បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលបានដឹកនាំប្រទេសរយៈពេលជាងមួយឆ្នាំមកនេះ គឺបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទីមួយ និងបានដាក់ចេញនូវគោលនយោបាយអទិភាពទាំង ៩ ចំណុច និងវិធានការគន្លឹះទាំង៥ សំដៅឆ្ពោះទៅការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ក៏ដូចជាការលើកគុណភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែមានភាពប្រសើរឡើង។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ដើម្បីឆ្លុះបញ្ចាំងនៃការដាក់ចេញនូវគោលនយោបាយនោះ គឺត្រូវការមតិយោបល់ព និងការវាយតម្លៃ ពីសំណាក់បងប្អូនប្រជាពលរដ្ឋត្រឡប់មកវិញ ចង់ដឹងថាតើ លទ្ធផលដែលបងប្អូនប្រជាពលរដ្ឋទទួលបានពីគោលនយោបាយនោះកម្រិតណា។ ដូច្នេះដើម្បីថ្នាក់ដឹកនាំ អាចវាស់ស្ទង់ផ្ទៀងផ្ទាត់ ពីលទ្ធផលនោះបាន គឺត្រូវជួបជុំគ្នាដើម្បីធ្វើវេទិកាសាធារណៈ ។
ជាមួយគ្នានេះ ចំពោះការអនុវត្តការងាររដ្ឋបាល របស់រដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាល ផ្ដោតសំខាន់ទៅលើការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ពាក់ព័ន្ធទៅនឹងការផ្ដល់សេវា ពាក់ព័ន្ធទៅនឹងការអភិវឌ្ឍន៍ ជាពិសេសផ្ដោតទៅលើការងារ ដែលបម្រើសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ផងដែរ