ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តកំពង់ចាមស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ៦នាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ចាម៖ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ ពីទទួលបានព័ត៌មានពីកម្លាំងភ្នាក់ងារ និងពលរដ្ឋល្អ រាយការណ៍ថា មានមុខសញ្ញាកំពុងជួញដូរថ្នាំញៀនភ្លាម ឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងមានការឯកភាពពីលោកសេង រិទ្ធី ព្រះរាជ អាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាមបាន ចាត់កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃឈរ និងស្រុកចំការលើ ដឹកនាំដោយលោក ឧត្តម សេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានបេីកកិច្ចប្រតិបត្តិការចុះបង្ក្រាបករណី ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន២ ករណី (ដោយប្រេីវិធានញុះញង់) ។

ប្រតិបត្តិការនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់សរុបចំនួន ០៦នាក់៖

១-ឈ្មោះ ជិន ជាតិ ហៅ កឹង ភេទប្រុស អាយុ ២០ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិរោងគោ ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម,២-ឈ្មោះ ហយ មេន ភេទប្រុស អាយុ ២៣ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិគោកស្រឡៅ ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ អ្នកទាំង២ខាងលើមានម្សៅក្រាមពណ៌សសង្ស័ជាថ្នាំញៀន ចំនួន ០១កញ្ចប់។

តាមចម្លើយសារភាពជនសង្ស័យខាងលើសមត្ថកិច្ចបន្តទៅធ្វើការឃាត់ខ្លួនជនសង្ស័យបាន៤ទៀត ៣-ឈ្មោះ សុន ប៊ុនធឿន ភេទប្រុស អាយុ ២៧ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិត្រពាំងបេងឃុំបារាយណ៍ ស្រុក ព្រៃឈរ ខេត្តកំពង់ចាម(ជាមុខសញ្ញាមានម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ០១កញ្ចប់,៤-ឈ្មោះ មាស ប៊ុនថៃ ភេទប្រុស អាយុ ១៩ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិអំពិលធំ ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម,៥-ឈ្មោះ លន់ សុផល ភេទ ប្រុស អាយុ ៣៦ឆ្នាំ ជាតិខ្មែរ មុខរបរកសិករមានទីលំនៅភូមិក្រឡែង លិច ឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម (ជាមុខសញ្ញាមានម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ៥កញ្ចប់)និង៦-ឈ្មោះ អឿន សំប្រុស ភេទប្រុស អាយុ ២៩ឆ្នាំ ជាតិខ្មែរមុខរបរកម្មករ មានទីលំនៅភូមិវាលរីកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម (ជាមុខសញ្ញាមានម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ០៤កញ្ចប់)។

នៅក្នុងប្រតិបត្តិការខាងលើសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន÷ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀន ចំនួន ១១កញ្ចប់ ទូរស័ព្ទដៃចំនួន ០៦គ្រឿង។

បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចនគរបាលបានបញ្ជូនមកកាន់ ស្នងការ​រដ្ឋា​ននគរបាលខេត្តកំពង់ចាមដើម្បីធ្វើការស្រាវជ្រាវ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

ដោយ៖ សូរិយា


ចែករំលែក៖