ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលនៃសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ នាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជម្រាបជូនសាធារណជន នារសៀលថ្ងៃសុក្រ ទី៦ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១៤:០០នាទី ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៥ បានបើកសម័យប្រជុំវិសាមញ្ញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ប្រាក់ សុខុន ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ។

សមាជិកព្រឹទ្ធសភាមានវត្តមានចំនួន ៥៦រូប។

អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈតែមួយគឺ ការបោះឆ្នោតជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ០១រូប ជំនួសសមាជិកឧត្តមក្រុមប្រឹក្សាអង្គចៅក្រម ដែលនឹងត្រូវបញ្ចប់អាណត្តិ។

អង្គប្រជុំព្រឹទ្ធសភាបានអនុម័តយល់ព្រមលើរបៀបវារៈ ដោយទទួលបាន ៥៦សំឡេង ។ ដោយអនុលោមតាមមាត្រា៤ និងមាត្រា៥ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងយោងលិខិតលេខ៖ ១៩៨៣ កយ.រប/២៤ ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ របស់ក្រសួងយុត្តិធម៌ បានស្នើសុំឱ្យព្រឹទ្ធសភារៀបចំការបោះឆ្នោតជ្រើសរើសសមាជិក ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមចំនួន ០១រូប ដែលត្រូវបញ្ចប់អាណត្តិ។

អង្គប្រជុំព្រឹទ្ធសភា បានបោះឆ្នោតជ្រើសតាំង លោក លាង សួគ៌ ជាសមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម ដោយមានសំឡេងគាំទ្រចំនួន ៥៦សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភា ទាំងមូល។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕

ដោយ ៖ សិលា


ចែករំលែក៖