ព័ត៌មានទាន់ហេតុការណ៍៖

«ទឹកធ្លាក់លែងអង លែងឃិន» ជាទីតាំងធម្មជាតិគួរឱ្យទាក់ទាញ ស្ថិតនៅក្នុងភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូរាំង និងមានចម្ងាយ ២៦គីឡូម៉ែត្រពីក្រុងសែនមនោរម្យ នៃខេត្តមណ្ឌលគិរី

ចែករំលែក៖

ភ្នំពេញ ៖ កម្ពុជាសំបូរទៅដោយតំបន់ទេសចរណ៍ធម្មជាតិ បន្ទាប់ពីសម្បត្តិធនធានធម្មជាតិដ៏សម្បូរណ៍បែបក្នុងទឹកដីសុវណ្ណភូមិមួយនេះ ។ ក្រសួងទេសចរណ៍ នៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ បានបញ្ជាក់ថា ៖ «ទឹកធ្លាក់លែងអង លែងឃិន» ជាទីតាំងធម្មជាតិគួរឱ្យទាក់ទាញ ស្ថិតនៅក្នុងភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូរាំង និងមានចម្ងាយ ២៦គីឡូម៉ែត្រពីក្រុងសែនមនោរម្យ នៃខេត្តមណ្ឌលគិរី។ ពាក្យលែងអង លែងឃិន មានន័យថា ទឹកធ្លាក់អូន ទឹកធ្លាក់បង ដែលប្រែចេញពីភាសារដើមរបស់បងប្អូនជនជាតិភាគតិចបានហៅតគ្នា។

ចំពោះការធ្វើដំណើរទៅកាន់ទឹកធ្លាក់តំបន់នេះយើងអាចដើរលំហែរបែបលក្ខណៈ ល្បាតតាមព្រៃភ្នំ គយគន់សម្រស់ធម្មជាតិពណ៌បៃតង ជាមួយខ្យល់អាកាសល្អបរិសុទ្ធ បោះតង់ មើលថ្ងៃរះ ថ្ងៃលិច និងទស្សនាសត្វដំរីជាដើម។

អ្វីដែលកាន់តែពិសេស នៅអមសងខាងផ្លូវគឺពោពេញទៅដោយសម្រស់ទេសភាពវាលភ្នំ វាលស្មៅដ៏ល្វឹងល្វើយ ខ្យល់បក់បោកយ៉ាងត្រជាក់ ដែលអ្នកទេសចរច្បាស់ជារំសាយអស់ទុក្ខកង្វល់ជាក់ជាមិនខាន ពេលទៅដល់ទីនោះ។ ជាងនេះទៅទៀតនៅទីនោះមានទឹកធ្លាក់ដល់ទៅ២កន្លែង អមជាមួយព្រៃប្រឹក្សាដើមឈើប្រណីតធំៗយ៉ាងក្រាស់ នៅហ៊ុមព័ទ្ធរមណីយដ្ឋានតែម្ដង។

បច្ចុប្បន្ននេះខេត្តមណ្ឌលគិរី ត្រូវគេស្គាល់ថាជាតំបន់ទេសចរណ៍ធម្មជាតិដ៏មានសក្តានុពល និងសម្បូរបែប ដោយមានរមណីយដ្ឋានជាច្រើនកន្លែង ព្រមជាមួយវិសាលភាពព្រៃភ្នំយ៉ាងទាក់ទាញ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ   ទស្សនាកម្សាន្តគ្រប់រដូវកាល។ ក្នុងចំណោមតំបន់ទេសចរណ៍ជាច្រើនរបស់ខេត្តមណ្ឌលគិរី គឺមានរមណីយដ្ឋានធម្មជាតិដ៏ពិសេសមួយកន្លែង ក្នុងស្រុកអូររាំង ជាតំបន់ទេសចរណ៍ដ៏ល្អឯក មានឈ្មោះថាទឹកធ្លាក់លែងអងលែងឃិន ៕ 

ដោយ ៖ សិលា


ចែករំលែក៖