ភ្នំពេញ៖ លោក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់នារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤នេះថា សមត្ថកិច្ចបានបញ្ជូនខ្លួនលោកម៉ៃ សុគន្ធ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់ បន្ទាប់ពីបើករថយន្តគេចគោលដៅសមត្ថកិច្ចត្រួតពិនិត្យអាវុធជាតិផ្ទុះ និង ជាតិអាល់កុល ជ្រុលល្បឿនទៅបុករះម៉ូតូកង់បី និងរបាំងថ្ម រងរបួសធ្ងន់ស្រាល៤នាក់។
សូមរំលឹកថា កាលពីវេលាម៉ោង១២និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតតាមមហាវិថីសហព័ន្ធរុស្ស៊ី ចំណុចមុខផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ លោកម៉ៃ សុគន្ធ បានបើករថយន្តមួយគ្រឿងម៉ាក TOYOTA LandCruiser ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BW-6802 បើកបរយ៉ាងលឿន បើកចេញពីចំណុចផ្លូវបេតុង ផ្សារបឹងបៃតង ឆ្ពោះទៅកាន់ផ្សារទឹកថ្លា រួមទាំងមានរថយន្តសារ៉ែនសមត្ថកិច្ចប្រដេញពីក្រោយ ដោយសារលោកម៉ៃ សុគន្ធ បានបើកគេចគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងវាស់ជាតិអាល់កុល ខណៈរថយន្តទាំង២គ្រឿងរវាងរថយន្តលោកម៉ៃ សុគន្ធ និង រថយន្តរបស់សមត្ថកិច្ចប្រដេញគ្នា មកដល់ចំណុចកើតហេតុ មុខផ្សារទឹកថ្លា រថយន្តលោកម៉ៃ សុគន្ធបានជ្រុលល្បឿនបុករះម៉ូតូកង់បី២គ្រឿងដែលកំពុងបើកនៅពីមុខ និងបន្តទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវខ្ទាតចំនួន៣កង់ចេញពីជូួរ ទើបរថយន្តអស់ល្បឿនទៅមុខលែងរួច បណ្តាលឲ្យមនុស្សប្រុសស្រីដែលជិះលើកង់បី រងរបួសធ្ងន់ស្រាលចំនួន៤នាក់ ។
បច្ចុប្បន្ន បើទោះបីជា លោកម៉ៃ សុគន្ធ ចេញវីដេអូសុំទោសយ៉ាងណាក៏ដោយ សមត្ថកិច្ចត្រូវតែអនុវត្តច្បាប់ ច្បាប់គឺច្បាប់ ដូច្នេះលោកម៉ៃ សុគន្ធ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ តើវាសនារបស់លោកម៉ៃ សុគន្ធទៅជាយ៉ាងណា ចាំតាមដានទាំងអស់គ្នា៕
ដោយ៖ រ៉ារ៉ា