ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា- ឥណ្ឌូណេស៊ី ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែរឹងមាំថែមទៀត

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងឱកាសនៃជំនួប លោក Prabowo Subianto រដ្ឋមន្ត្រីការពារជាតិ និងជាប្រធានាធិបតីជាប់ឆ្នោត នៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនដ៏ឆាប់រហ័ស និងរឹងមាំលើគ្រប់វិស័យនៅកម្ពុជា។ លោករដ្ឋមន្ត្រីការពារជាតិ និងជាប្រធានាធិបតីជាប់ឆ្នោត ក៏បានគូសបញ្ជាក់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ព្រមទាំងប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងឥណ្ឌូណេស៊ី-កម្ពុជាឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំថែមទៀត។ 

សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏យូរលង់ និង កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងឥណ្ឌូណេស៊ី និងបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីការពារជាតិ និងជាប្រធានាធិបតីជាប់ឆ្នោត នាពេលនេះ នឹងចូលរួមពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌូណេស៊ីថែមទៀត ស្របពេលប្រទេសទាំងពីរប្រារព្ធខួបលើកទី៦៥ នៃការបង្កេីតទំនាក់ទំនងការទូត ក្នុងឆ្នាំនេះ។ សម្តេចធិបតីបានអបអរសារទរឯកឧត្តមរដ្ឋមន្ត្រីការពារជាតិ ដែលត្រូវបានជាប់ឆ្នោត ជាប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី និងបានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងត្រៀមធ្វើការជាមួយ លោករដ្ឋមន្ត្រី ការពារជាតិ និងជាប្រធានាធិបតីជាប់ឆ្នោត ដើម្បីបន្តពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរថែមទៀត។ 

សម្ដេចធិបតី និង លោករដ្ឋមន្ត្រីការពារជាតិ និងជាប្រធានាធិបតីជាប់ឆ្នោត ក៏បានផ្លាស់ប្តូរទស្សនៈអំពីការពង្រឹង និង ពង្រីក កិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសក្ដានុពលមួយចំនួន មាន ជាអាទិ៍ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការពារជាតិនិងសន្ដិសុខ កសិកម្ម និងទេសចរណ៍ រួមទាំងការពិចារណាលើលទ្ធភាពក្នុងការបង្កើនជើងហោះហើរត្រង់រវាងប្រទេសទាំងពីរបន្ថែមទៀត៕

ដោយ ៖ សិលា


ចែករំលែក៖