ខេត្តស្វាយរៀង៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ៥នាក់ដែលពាក់ពន្ធ័ករណីឃាតកម្មលើបុរសម្នាក់បណ្ដាលអោយស្លាប់ ខណៈជនដៃដល់សមត្ថកិច្ចកំពុងតាមចាប់ខ្លួន។
យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងនារសៀលថ្ងៃទី៧ខែកញ្ញាឆ្នាំ២០២៤នេះថា ជនរងគ្រោះមិនត្រូវបានស្គាល់ឈ្មោះនៅឡើយ (សង្ស័យជនជាតិចិន) សម្បុរស កម្ពស់១,៧៥ម៉ែត្រ។
ចំណែកជនសង្ស័យដែលពាក់ព័ន្ធមាន ៖ ១-ឈ្មោះ រស់ វ៉ាន់សី , ២-ឈ្មោះ ម៉ន អូន, ៣-ឈ្មោះ ឈឿន យ៉េត, ៤-ឈ្មោះ ហ៊ាន ប្រលឹង និងទី៥-ឈ្មោះ ម៉ុង ជីភាត់ (ជនជាតិភូមា) ត្រូវបានបញ្ជូនទៅការិយាល័យជំនាញខេត្តដើម្បីបន្តតាមច្បាប់ ។
ប្រភពបន្តថា ដើមហេតុនៃរឿង នៅវេលាម៉ោង៧និង៤៥នាទី ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតបានទទួលព័ត៌មានពីរដ្ឋបាលក្រុមហ៊ុនកាស៊ីណូហ្គោដឡាក់២ បានរាយការណ៍មកថា : នៅចំណុចអគារស្នាក់នៅរបស់ក្រុមហ៊ុន ស្ថិតក្នុងភូមិច្រកលាវ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បុគ្គលិកដែលស្នាក់នៅមានអាការ:មិនស្រួលខ្លួន ហើយក្រុមហ៊ុនបានយករថយន្តរបស់ក្រុមហ៊ុនដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណ:ពេលដឹកចេញពីអគារស្នាក់នៅ អ្នកជម្ងឺក៍បានស្លាប់ ។
បន្ទាប់មករថយន្តរបស់ក្រុមហ៊ុនបានដឹកសាកសពយកមកតម្កល់ទុកនៅក្នុងបរិវេណវត្តពោធិ៍ថ្មី ស្ថិតក្នុងភូមិច្រកលាវ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
ប្រភពដដែលបន្តថា ក្រោយពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការចងខ្សែហ៊ុមព័ទ្ធជុំវិញកន្លែងកើតហេតុ ដើម្បីរង់ចាំសមត្ថកិច្ចជំនាញនិងគ្រូពេទ្យមកពិនិត្យធ្វើកោសល្យវិច័យ ។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើរួចមកនៅវេលាម៉ោង១០និង៤០នាទី លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត បានប្រគល់ភារកិច្ចជូនលោក គឹម ឡៃ ស្នងការរងជំនួយការដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំកម្លាំងជំនាញការិយាល័យនគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រសហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាវិតនិងលោកវេជ្ជបណ្ឌិតធី សុភ័ក្ត្រា សមាជិកគណ:កម្មការកោសល្យវិច័យ នៃមន្ទីរពេទ្យបង្អែកជីភូ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ឡម ពេងស៊ាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះទៅពិនិត្យនិងស្រាវជ្រាវដល់កន្លែងកើតហេតុ។
សាកសពគេដាក់ឱ្យអង្គុយលើកៅអីខាងក្រោយក្នុងរថយន្តឡិចសុីសRX350 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2BR-3503 ពាក់អាវយឺតដៃខ្លីពណ៌ស ស្លៀកខោចង្កេះរឹតមានខ្សែចងជើងខ្លី ដៃទាំងពីរដាក់លើពូកកៅអីរថយន្ដ ជើងស្ដាំបោះចូលក្រោមកៅអីខាងមុខផ្នែកខាងស្ដាំ ជើងឆ្វេងបត់ចុះក្រោមស្របនឹងកៅអីរថយន្ដ ក្នុងបរិវេណវត្តពោធិ៍ថ្មី(ហៅវត្តបាវិត)ស្ថិតក្នុងភូមិច្រកលាវ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ប្រភពបន្ថែមថា ជាលទ្ធផលនៃការស្រាវជ្រាវលុះដល់ម៉ោងប្រហែល០៥និង៣០នាទីព្រឹក ខណៈពេលដែលខ្លួនកំពុងនៅបន្ទប់ សន្តិសុខខាងលើ បានដើរមកប្រាប់ខ្លួនថាៈជនជាតិចិន ដែលប្រធានក្រុមវាយយប់មិញបានស្លាប់បាត់ហើយ ។
ឮដូច្នេះខ្លួនក៏ទៅមើលហើយបានឃើញជនជាតិភូមាចំនួន០៣នាក់ ភេទប្រុសដែលជាអ្នកគ្រប់គ្រងផ្នែកសន្តិសុខនៅក្នុងក្រុមហ៊ុន គឺមាន៖
១-ឈ្មោះ Roy Ruyi
២-ឈ្មោះ សួយ សុី (Shui)
៣-ឈ្មោះ ហ្សែវ ហ្សែង Xian Qiang លើកជនជាតិចិនដែលស្លាប់ដាក់ចូលទៅក្នុងរថយន្តម៉ាកLEXUS 350 ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ2BR–3503 ហើយប្រាប់ថាដឹកទៅពេទ្យ ។
លុះប្រហែលម៉ោង៦ អ្នកទាំង០៣បានដឹកអ្នកស្លាប់មកក្រុមហ៊ុនវិញ ហើយប្រធានក្រុមជនជាតិចិនចំនួនៈ០៣នាក់
១-ឈ្មោះ អាយ៉ុង A Yong
២-ឈ្មោះ យ៉ាង យ៉ាង Yang Yang
៣-មិនស្គាល់ឈ្មោះ បានហៅខ្លួនឱ្យទៅជួប និងបានប្រាប់ខ្លួនឱ្យដឹកអ្នកស្លាប់ទៅដាក់ក្នុងវត្តពោធិ៍ថ្មី ហៅវត្តបាវិត ចាំឈ្មោះ អាយ៉ុង ជាអ្នករាយការណ៏ប្រាប់សមត្ថកិច្ច។
បន្ទាប់មក ឈ្មោះ អាយ៉ុង បានឱ្យជនជាតិភូមាម្នាក់ទៀត ភេទប្រុស ខ្លួនមិនស្គាល់ឈ្មោះដែលជាចុងភៅក្នុងក្រុមហ៊ុន បើករថយន្តដឹកអ្នកស្លាប់នេះទៅជាមួយ ហើយនៅពេលសមត្ថកិច្ចសួរនាំឈ្មោះ អាយ៉ុង បានបញ្ជាឱ្យខ្លួនឆ្លើយកុហកសមត្ថកិច្ចថា៖ អ្នកស្លាប់ដេកនៅក្នុងបន្ទប់ជាមួយខ្លួន ដេកនៅគ្រែពីលើខ្ញុំ ហើយឱ្យខ្លួននិយាយថា អ្នកស្លាប់ដេកធ្លាក់ពីលើគ្រែ រួចបញ្ជូនទៅពេទ្យស្លាប់ពាក់កណ្ដាលផ្លូវ ដោយឈ្មោះ អាយ៉ុង សន្យាឱ្យប្រាក់មកខ្លួនចំនួន៥,០០០ដុល្លារអាមេរិក តែមិនទាន់ទទួលបានប្រាក់នៅឡើយទេ។
ចំពោះ ជនដៃដល់ក្នុងរឿងនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីចាត់ការបន្តតាមច្បាប់។
បច្ចុប្បន្ន សាកសពត្រូវបានដឹកតាមរថយន្តយកទៅប្រគល់ជូនកម្លាំងជំនាញការិយាល័យពិនិត្យនិងរិភាគកន្លែងកើតហេតុ។ នាយកដ្ឋានបច្ចេកទេសវិទ្យាសាស្រ្ត រក្សាទុកសាកសពនៅសាលរក្សាសពវត្តស្ទឹងមានជ័យរាជធានីភ្នំពេញ៕
ដោយ៖ សុថាន