ខេត្តកំពង់ធំ ៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា អញ្ជើញចូលរួមក្នុងពិធីបើកសិក្ខាសាលាស្តីពី ការរៀបចំផែនការអាជីព និងការជ្រើសរើសជំនាញសិក្សា នៅស្រុកសន្ទុក ខេត្តកំពង់ធំ នាថ្ងៃសៅរ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៤។
សូមបញ្ជាក់ថា ៖ សិក្ខាសាលានេះត្រូវបានរៀបចំឡើងសម្រាប់សិស្សានុសិស្សថ្នាក់ទី១២ ដែលនឹងប្រឡងបញ្ចប់កម្រិតសិក្សាទុតិយភូមិ នាខែតុលា ឆ្នាំ២០២៤ ខាងមុខ ហើយត្រូវបន្តចាប់ជំនាញឯកទេសនៅថ្នាក់ឧត្តមសិក្សា។
លោកស្រីបណ្ឌិត បានផ្តែផ្តាំឱ្យសិស្សានុសិស្សទាំងអស់ស្វែងយល់អំពីជំនាញដែលជាចំណង់ចំណូលចិត្តរបស់ខ្លួន បុគ្គលិកលក្ខណៈ អាជីពនិងមុខរបរដែលសមស្របតាមជំនាញឯកទេស តម្រូវការកម្លាំងតាមជំនាញឯកទេសនោះ ទិន្នន័យនៃប្រាក់បៀរវត្ស កត្តាជំរុញនិងរាំងស្ទះចំពោះការសម្រេចគោលដៅរបស់ខ្លួន ជាដើម ក៏ដូចជារៀបចំផែនការនិងការសិក្សាឱ្យបានសមស្រប មុននឹងសម្រេចជ្រើសរើសជំនាញឯកទេសណាមួយ។
តាមរយៈសិក្ខាសាលានេះ សិស្សានុសិស្សទាំងអស់ទទួលបានសៀវភៅកម្រងសំណួរដែលជាជំនួយក្នុងការស្វែងយល់ពីខ្លួនឯងលើកត្តាដែលលោកជំទាវបណ្ឌិតបានលើកឡើងខាងលើ។ លោកជំទាវក៏បានក្រើនរំលឹកនិងជំរុញលើកទឹកចិត្តឱ្យក្មួយៗសិស្សានុសិស្សខិតខំប្រឹងប្រែងដើម្បីទទួលជោគជ័យក្នុងការប្រឡងបញ្ចប់កម្រិតសិក្សាថ្នាក់ទុតិយភូមិប្រកបដោយជោគជ័យ និងបន្តការសិក្សាថ្នាក់ឧត្តមសិក្សា ដើម្បីក្លាយខ្លួនជាទំពាំងស្នងឬស្សី សំដៅរួមចំណែកអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនថែមទៀត ៕
ដោយ ៖ សិលា