ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យពាក់ព័ន្ធគ្រឿងងញៀនជនជាតិខ្មែរនិងថៃចំនួន៤នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃទីនៅទី០៧ ខែកញ្ញា ឆ្នាំ២០២៤នេះដើម្បីអនុវត្តតាមនីតិវិធី។
សមត្ថកិច្ចបញ្ជាក់ថាៈ ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីសន្តិសុខថា មានករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចមុខអគារមាត់អូរ ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង០១ និង៣០នាទីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះទៅឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់គឺ៖
១.ឈ្មោះ ថាណាផន ថងខាំ ហៅ នីវ ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិថៃ។
២.ឈ្មោះ សុវ៉ាត់ ណាក់កងឌី ហៅ ប៊យ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិថៃ។
៣-ឈ្មោះ សេង ភ័ក្រ ហៅ ក្តី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ។
៤-ឈ្មោះ ខៀវ ខាវ ហៅ ប៊ួខាវ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ ព្រមទាំងដកហូតវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន០៧ថង់កិប ស្មើនឹង ៧០គ្រាប់ ទម្ងន់ ៨,០៧ក្រាម, ម៉ូតូចំនួន ០១គ្រឿង, ទូរស័ព្ចំចំនួន០២គ្រឿង, កាបូបស្ពាយចំនួន០១ រួមនឹងវត្ថុតាងមួយចំនួនទៀត ហើយនាំទៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដេីម្បីចាត់ការតាមនីតិវិធី។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធី៕
ដោយ ៖ វណ្ណា