ខេត្តស្វាយរៀង៖ ហេដ្ឋារចនាសម្ព័ន្ធជាច្រើនសម្រាប់បម្រើអោយដំណើរការគម្រោងសាងសង់ស្ពានដីឥដ្ឋ-ថ្មគរ និងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត បានរៀបចំរួចរាល់ ក្រោយពេលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីសម្ពោធបើកការដ្ឋានជាឱឡារិក កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។ នេះជាការបញ្ជាក់ពីលោក ផន រឹម អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និង ដឹកជញ្ជូន នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤។
លោកបន្តថា ៖ មកទល់ពេលនេះ គម្រោងបានដំណើរលើនីតីវិធី និងអនុវត្តតាមផែនការដែលបានគ្រោងទុក ដើម្បីធានាប្រសិទ្ធភាព គុណភាព ជាពិសេសធានាបានការអនុលោមភាពស្តង់ដារបច្ចេកទេសនៃការសាងសង់ផ្លូវ ស្ពាន រឹងមាំ ជាប់ធន់ យូរអង្វែង។
ជាសក្ខីភាពនៃវឌ្ឍនភាពគម្រោង ក្រោមការចង្អុលបង្ហាញ និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចាត់អោយឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងគម្រោង ,គណៈប្រតិភូអមដំណើរ, អាជ្ញាធរខេត្តកណ្តាល ព្រៃវែង ស្វាយរៀង និងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន-CRBC ចុះពិនិត្យតម្រាយផ្លូវ, ទីតាំងការដ្ឋាន,កន្លែងស្នាក់នៅ,ការិយាល័យបំពេញការងារប្រចាំថ្ងៃ ,កន្លែងផលិតគ្រឿងសំណង់ និងគ្រឿងបង្គុំ ,បន្ទប់ពិសោធន៍សំណង់ ជាពិសេសចុះពិនិត្យទីចុងបញ្ចប់ នៃខ្សែផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ត្រង់ចំណុចបង្គោលព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤។
គួរបញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត មានប្រវែងសរុប ១៣៥,១០គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ទៅដល់សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង និងស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) ជាប្រភេទស្ពានបេតុង ដោយតួស្ពាន និងផ្លូវតភ្ជាប់ក្បាលស្ពានមានប្រវែងសរុប ៣ ៧០០ម៉ែត្រ តួស្ពានមានប្រវែងសរុប ១ ៦០០ម៉ែត្រ និងទទឹង២៦ម៉ែត្រ៕
ដោយ ៖ សិលា