អន្តរជាតិ ៖ ថ្ងៃទី៩ខែកញ្ញា ឆ្នាំ២០២៤ លោកXiJinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិនបានផ្ញើសារលិខិតជូនលោកKim Jong-unអគ្គលេខាធិការបក្សពលករកូរ៉េខាងជើងនិងជាប្រធានក្រុមប្រឹក្សាកិច្ចការរដ្ឋកូរ៉េខាងជើង ដើម្បីអបអរសាទរខួបទី៧៦នៃថ្ងៃបុណ្យជាតិរបស់កូរ៉េខាងជើង។ នេះជាការចេញផ្សាយពី គេហទំព័រ «CCFR China state-controlled media » នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤។
គេហទំព័រ «CCFR China state-controlled media » ថ្លែងក្នុងសារលិខិត លោកXiJinpingបានលើកឡើងថា ក្នុងរយៈពេល៧៦ឆ្នាំកន្លងមក ក្រោមការដឹកនាំរបស់បក្សពលករកូរ៉េខាងជើង ប្រជាជនកូរ៉េខាងជើងបានសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីជំរុញកិច្ចការគ្រប់វិស័យរបស់ប្រទេសជាតិឱ្យទទួលបានការអភិវឌ្ឍយ៉ាងផុលផុស។ប៉ុន្មានឆ្នាំចុងក្រោយនេះ លោកKim Jong-unបានដឹកនាំបក្សពលករនិងប្រជាជនកូរ៉េខាងជើង អនុវត្តយ៉ាងស៊ីជម្រៅនូវស្មារតីនៃសមាជបក្សពលករកូរ៉េខាងជើងលើកទី៨និងកិច្ចប្រជុំពេញអង្គរាល់លើក ដែលទទួលបានសមិទ្ធផលមួយចំនួនក្នុងការកសាងនិងអភិវឌ្ឍប្រទេសជាតិ។ ជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សពលករកូរ៉េខាងជើងដែលមានលោកKim Jong-unជាប្រមុខស្នូល ប្រជាជនកូរ៉េខាងជើងពិតជាអាចទទួលបានជ័យជម្នះថ្មីកាន់តែធំជាបន្តបន្ទាប់ក្នុងដំណើរការជំរុញកិច្ចការសង្គមនិយមបែបកូរ៉េខាងជើងជាក់ជាមិនខាន។
គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ លោកXiJinpingបានគូសបញ្ជាក់ថា ឆ្នាំនេះជាខួបទី៧៥នៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងចិននិងកូរ៉េខាងជើង និងជា”ឆ្នាំមិត្តភាពចិន-កូរ៉េខាងជើង”។ក្នុងយុគសម័យថ្មីនិងស្ថានការណ៍ថ្មី ភាគីចិននឹងបន្តយកចិត្តទុកដាក់លើទំនាក់ទំនងរវាងចិននិងកូរ៉េខាងត្បូង ដោយឈរលើមុំយុទ្ធសាស្ត្រនិងចក្ខុវិស័យវែងឆ្ងាយ រីករាយធ្វើឱ្យស៊ីជម្រៅនូវការប្រាស្រ័យទាក់ទងជាយុទ្ធសាស្រ្តជាមួយភាគីកូរ៉ខាងជើង បង្កើនកិច្ចសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការ ដើម្បីនាំមកនូវសុខសុភមង្គលកាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជារួមចំណែកកាន់តែធំក្នុងការជំរុញសន្តិភាព ស្ថិរភាព វឌ្ឍនភាពនិងវិបុលភាពក្នុងតំបន់និងពិភពលោក៕
ដោយ ៖ សិលា