ខេត្តស្ទឹងត្រែង៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤នេះ មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា៖ អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ បានទទួល ចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៣៤៦ ចុះថ្ងៃ០៨ ខែកញ្ញា ឆ្នាំ២០២៤ ពាក់ព័ន្ធករណី ដឹកជញ្ជូន ឆ្លងដែនដោយខុសច្បាប់នូវសារធាតុញៀន ពីការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដោយមានជនសង្ស័យចំនួន ០៥ នាក់ ជាជនជាតិវៀតណាម និងដកហូតវត្ថុតាងជាគ្រឿងញៀន សរុបចំនួន ៣៩ ដុំ និង ០១ កញ្ចប់តូច មានទម្ងន់សុទ្ធសរុប ២៥,៦៧១.៣៣ ក្រាម ដែលរួមមានគ្រឿងញៀន ប្រភេទហេរ៉ូអ៊ីចំនួន ១០ ដុំ ទម្ងន់សុទ្ធសរុប ៧,០៥៣.៤ ក្រាម គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (WY) ចំនួន ២១ដុំ និង០១កញ្ចប់តូច ទម្ងន់សុទ្ធសរុប ១២,១០៧.៨៣ ក្រាម គ្រឿងញៀនញៀនប្រភេទ (MDMA) គ្រាប់ពណ៌ផ្ទៃមេឃចំនួន ០១ ដុំ ទម្ងន់សុទ្ធសរុប ១,៣៥៨.៩៣ ក្រាម គ្រឿងញៀនប្រភេទ (MDMA) ម្សៅ ក្រាមពណ៌ស ចំនួន ០៦ ដុំ ទម្ងន់សុទ្ធសរុប ៤,៩២៨.២១ ក្រាម និងគ្រឿងញៀនប្រភេទកេតាមីនម្សៅម៉ត់ពណ៌សចំនួន ០១ ដុំ ទម្ងន់សុទ្ធសរុប ២២២.៩៦ ក្រាម។
ក្រោយពីបានធ្វើការសាកសួរ ពិនិត្យភស្តុតាង និងឯកសារពាក់ព័ន្ធនានានៅក្នុងសំណុំរឿង លើ ជនសង្ស័យជាជនជាតិវៀតណាមចំនួន ០៥ នាក់ ឃើញថាជនសង្ស័យចំនួន ០៣នាក់ ពុំមានពាក់ព័ន្ធនឹង បទល្មើស ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន នោះទេ ហេតុដូច្នេះតំណាងអយ្យការបានអនុញ្ញាត ឱ្យមានសេរីភាពឡើងវិញ។
ចំណែកជនសង្ស័យចំនួន ០២នាក់ទៀត តំណាងអយ្យការបានសម្រេចបើកការស៊ើបសួរ ពីបទ ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចច្រកទ្វារព្រំដែនអន្តរជាតិ ត្រពាំងក្រៀល ស្ថិតនៅភូមិឬទ្ធីសែនជ័យ១ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង កាល ពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងបានបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តស្ទឹងត្រែង ដើម្បីចាត់ការបន្តតាមនីតិវិធី។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕ដោយ៖តារា