ភ្នំពេញ ៖ នារសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក នាយឧត្តមសេនីយ៍ Romeo Saturnino Brawner, Jr. នាយសេនាធិការកងទ័ពហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួប លោក នាយឧត្តមសេនីយ៍ បានសម្តែងនូវមោទភាពជាខ្លាំងចំពោះ សម្តេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧នៃរដ្ឋសភា និងបានវាយតម្លៃ ខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកងទ័ពហ្វីលីពីន-កម្ពុជា។ លោក នាយឧត្តមសេនីយ៍ បានប្តេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ព នៃប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន ថែមទៀតតាមរយៈការអនុវត្តយន្តការដែលមានស្រាប់ និងការដាក់ចេញនូវផែនការសកម្មភាពសម្រាប់កិច្ចសហការ ថ្មីៗបន្ថែមទៀត។
សម្តេចធិបតី បានសម្តែងភាពរីករាយចំពោះការរីកចម្រើន នៃកិច្ចសហប្រតិបត្តិការវាងកងទ័ពកម្ពុជា- ហ្វីលីពីន និងបានថ្លែងអំណរគុណហ្វីលីពីន ដែលបានផ្តល់ការគាំទ្រដល់កងទ័ពកម្ពុជានាពេលកន្លងមក ព្រមទាំង បានលើកទឹកចិត្តឱ្យកងទ័ពនៃប្រទេសទាំងពីរបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំថែមទៀត ដោយផ្តោតជាសំខាន់លើការបណ្តុះបណ្តាល ការពង្រឹងសមត្ថភាព ការផ្លាស់ប្តូរទស្សនកិច្ចសិក្សា និងលំហាត់រួមគ្នា។ សម្តេចធិបតី ក៏បានគូសបញ្ជាក់ពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពក្នុងការប្រយុទ្ធប្រឆាំងនឹង ឧក្រិដ្ឋកម្មឆ្លងដែន និងការគម្រាមកំហែងមិនប្រពៃណីផងដែរ៕
ដោយ ៖ សិលា