ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ ស ថេត ប្រាប់ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំកម្ពុជា៖ ការងារការពារសុវត្ថិភាព សន្តិសុខជូនដល់ពលរដ្ឋ វិនិយោគគិន និងមន្ត្រីស្ថានទូត គឺជាការងារអាទិភាពរបស់នគរបាលជាតិកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃអង្គារទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួងមហាផ្ទៃ។

ជាកិច្ចចាប់ផ្តើម លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានសម្តែងការស្វាគមន៍ចំពោះវត្តមានលោកស្រីឯកអគ្គរដ្ឋទូតសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងបានវាយតម្លែខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាមួយគ្នាកន្លងមក។

លោកស្រី Flerida Ann Camille P. Mayo បានជម្រាបជូនអំពីគោលបំណងនៃជំនួបនៅពេលនេះគឺដើម្បីបង្កើនកិច្ចសហប្រតិបត្តការឱ្យកាន់តែជិតស្និតរវាងអគ្គស្នងការនគរបាលជាតិកម្ពុជា និងតំណាងស្ថានទូតសាធារណរដ្ឋហ្វីលីពីន ក្នុងការបង្ការទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសបទល្មើសជួញដូរមនុស្ស និងបទល្មើសបចេ្ចកវិទ្យា។

ជាមួយគ្នានេះ លោកស្រីឯកអគ្គរដ្ឋទូតសាធារណរដ្ឋហ្វីលីពីន ក៏បានថ្លែងអំណរគុណដល់អគ្គស្នងការនគរបាលជាតិកម្ពុជា ដែលកន្លងមកក៏ដូចជានៅពេលបច្ចុប្បន្នបានផ្តល់នូវកិច្ចការពារសុវត្ថិភាពសន្តិសុខជូនដល់និវេសនដ្ឋានស្ថានទូត បុគ្គលិកការទូត អ្នកទេសចរណ៍ វិនិយោគិន ក៏ដូចជាពលរដ្ឋហ្វីលីពីន ដែលកំពុងធ្វើការងារក៏ដូចជាប្រកបអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។

ជាការឆ្លើយតប លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ប្រាប់លោកស្រីឱ្យដឹងថា ការងារការពារសុវត្ថិភាព ក៏ដូចជាសន្តិសុខជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាវិនិយោគគិន និងមន្ត្រីស្ថានទូត គឺជាការងារអាទិភាពរបស់នគរបាលជាតិកម្ពុជា ទាំងពលរដ្ឋហ្វីលីពីន ក៏ដូចជាពលរដ្ឋសាសន៍ដទៃទៀតដែលកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា។

ដោយឡែកពាក់ព័ន្ធនិងការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា និងអំពើជួញដូរមនុស្ស គឺជាកង្វល់រួមដែលទាមទារឱ្យប្រទេសទាំងអស់ត្រូវតែរួមសហការគ្នាធ្វើការដោះស្រាយតាមរយៈការផ្លាស់ប្តូរព័ត៌មានឱ្យបានច្បាស់លាស់ សំដៅធ្វើការកំណត់បានអត្តសញ្ញាណមេក្លោងប្រព្រឹត្តបទល្មើស និងមុខសញ្ញាពាក់ព័ន្ធឈានទៅទប់ស្កាត់ និងស្វែងរកចាប់ខ្លួនដើម្បីផ្តន្ទាទោសតាមច្បាប់របស់ប្រទេសនីមួយៗ៕ដោយ៖តារា


ចែករំលែក៖