ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមអ្នកនាំពាក្យខុទ្ទកាល័យសម្ដេចធិបតី ហ៊ុន ម៉ាណែត បង្ហាញលទ្ធផលជំនួបរវាងសម្ដេចធិបតី ជាមួយអគ្គនាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃក្រុមហ៊ុន Heineken

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Jacco Van Der Linden អគ្គនាយកប្រចាំតំបន់អាស៊ីប៉ាស៊ី ហ្វិកនៃក្រុមហ៊ុន ហ៊ុននីគែន (Heineken) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប លោក Jacco Van Der Linden អគ្គនាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុន ហ៊ុននីគែន (Heineken) បានគោរពជម្រាបជូនសម្តេចធិបតីអំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅប្រទេស កម្ពុជា ក្នុងរយៈពេល៣០ឆ្នាំ និងថ្លែងអំណរគុណចំពោះក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដែលបានផ្តល់កិច្ច សហការ និងការយកចិត្តទុកដាក់ដល់ក្រុមហ៊ុន កន្លងមក។ ទន្ទឹមនឹងនេះ លោកអគ្គនាយកប្រចាំតំបន់ បានប្តេជ្ញាចិត្ត ក្នុងការបន្តការវិនិយោគនៅកម្ពុជា ដោយអនុវត្តតាមលិខិតបទដ្ឋានគតិយុត្តិជាធរមាន ចូលរួមការពារអ្នកប្រើប្រាស់ និងរួមចំណែកលើកកម្ពស់ការទទួលខុសត្រូវក្នុងសង្គម រួមទាំងកិច្ចការពារបរិស្ថាន។

សម្តេចធិបតី បានថ្លែងអំណរគុណចំពោះទំនុកចិត្ត និងការជឿជាក់របស់ក្រុមហ៊ុនហ៊ុននីគែន ដែលបាន សម្រេចចិត្តធ្វើការវិនិយោគនៅប្រទេសកម្ពុជា និងរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច រួមទាំងការបង្កើត ការងារដោយផ្ទាល់និងប្រយោលនៅកម្ពុជា ក្នុងរយៈពេល៣ទសវត្សរ៍មកនេះ។ សម្តេចធិបតី បានគូសរំលេចអំពី ការបន្តយកចិត្តទុកដាក់ និងកិច្ចខំខិតប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការធានានូវបរិយាកាសវិនិយោគល្អប្រសើរ ប្រកបដោយភាពទាក់ទាញ តាមរយៈការដាក់ចេញនូវច្បាប់ លិខិតបទដ្ឋានគតិយុត្តិ និងកញ្ចប់វិធានការនានា ដើម្បី ធានាការប្រកួតប្រជែងដោយស្មើភាពគ្នា ជំរុញភាពជោគជ័យរបស់វិនិយោគិនដែលមានស្រាប់ និងទាក់ទាញ វិនិយោគិនថ្មីបន្ថែមទៀត៕

ដោយ ៖ សិលា


ចែករំលែក៖