ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទ «វេទិកាស្រូវអង្ករកម្ពុជា លើកទី៧ ឆ្នាំ២០២៤» ដែលប្រារព្ធនៅសណ្ឋាគារសូហ្វីតែល រសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលគ្រប់អាណត្តិមិនដែលព្រងើយកន្ដើយចំពោះវិស័យកសិកម្មឡើយ ពោលគឺតាំងពីពេលដែលសម្តេចតេជោ ហ៊ុន សែន ដឹកនាំ បន្តមកដល់បច្ចុប្បន្ន រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើវិស័យកសិកម្ម រួមទាំងវិស័យស្រូវអង្ករនេះផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា តាមរយៈការយកចិត្តទុកដាក់ជំរុញលើវិស័យស្រូវអង្ករនេះ ធ្វើឱ្យកម្ពុជាក្លាយជាប្រទេសផលិតស្បៀងដ៏ធំមួយ ជួយទ្រទ្រង់ដល់សន្តិសុខស្បៀងពិភពលោកទៀតផង។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា ក្នុងពេលបច្ចុប្បន្ននេះ កម្ពុជាមាន រោងម៉ាស៊ីនកិនស្រូវខ្នាតមធ្យម និងធំនៅទូទាំងប្រទេសមានចំនួន ២៧០ទីតាំង ដែលក្នុងនោះ រោងម៉ាស៊ីនកិនស្រូវចំនួន៨០ មានសមត្ថភាព និងបំពាក់បរិក្ខារគ្រប់គ្រាន់តាមបទដ្ឋាននាំចេញ និងមានសមត្ថភាព កិនកែច្នៃសម្រាប់បម្រើការនាំចេញបានចំនួន ១,២០០តោនក្នុងមួយម៉ោង ឬ ១២,០០០តោនក្នុងមួយថ្ងៃ ឬ ៣លានតោនក្នុងមួយឆ្នាំ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា រាជរដ្ឋាភិបាលគ្រប់អាណត្តិមិនដែលប្រងើយកន្ដើយចំពោះវិស័យកសិកម្មឡើយ។ រាជរដ្ឋាភិបាលកម្ពុជាជាច្រើនអាណត្តិមកហើយតាំងពីពេលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បន្តមកដល់បច្ចុប្បន្នបានយកចិត្តទុកដាក់ខ្ពស់លើវិស័យកសិកម្ម រួមទាំងវិស័យស្រូវអង្ករនេះផងដែរ។ តាមការយកចិត្តទុកដាក់ជំរុញលើវិស័យស្រូវអង្ករនេះ ធ្វើឱ្យកម្ពុជាក្លាយជាប្រទេសផលិតស្បៀងដ៏ធំមួយ ជួយទ្រទ្រង់ដល់សន្តិសុខស្បៀងពិភពលោកផងដែរ ៕
ដោយ ៖ សិលា