ព័ត៌មានទាន់ហេតុការណ៍៖

មកស្វែងយល់ អំពី កត្តាប្រឈម នៃការធ្លាក់ឈាមក្រោយសម្រាល!

ចែករំលែក៖

ភ្នំពេញ ៖ កត្តាប្រឈម នៃការធ្លាក់ឈាមក្រោយសម្រាល!

១) អ្វីទៅជាការធ្លាក់ឈាមក្រោយសម្រាល?

រាល់ការបាត់បង់ឈាមដែលមានបរិមាណចាប់ពី ៥០០ml ឡើងទៅនោះគេហៅថាការធ្លាក់ឈាមក្រោយសម្រាល។

ហើយបើការបាត់បង់ឈាមចាប់ពី ១០០០ml នោះគេហៅថាការធ្លាក់ឈាមកម្រិតធ្ងន់ធ្ងរ។

ការធ្លាក់ឈាមក្រោយសម្រាលគេបែងចែកជា ២ប្រភេទ៖

   – ការធ្លាក់ឈាមក្រោយសម្រាលភ្លាមៗ: រាល់ការបាត់បង់ឈាមដែលមានបរិមាណចាប់ពី ៥០០ml ឡើងទៅក្នុងកំឡុងពេល ២៤ម៉ោងក្រោយសម្រាល។

   – ការធ្លាក់ឈាមក្រោយសម្រាលអូសបន្លាយ: រាល់ការបាត់បង់ឈាមដែលមានបរិមាណចាប់ពី ៥០០ml ក្នុងរយៈពេលលើសពី ២៤ម៉ោងរហូត ដល់ ៦សប្តាហ៍។

ចំណាំ៖ ចំពោះស្ត្រីដែលមានភាពស្លេកស្លាំងនៅពេលមានផ្ទៃពោះគ្រប់ខែ ទោះជាការបាត់បង់ឈាមតិចជាង ៥០០ml ក៏អាចប៉ះពាល់ដល់អាយុជីវិតផងដែរ មិនចាំបាច់ដល់តែលើសពី ៥០០ml ទេ។

២) មូលហេតុនៃការធ្លាក់ឈាមក្រោយសម្រាល?

   – ស្បូនទន់ ឫខ្សោយនៅការកន្រ្តាក់រួមមកវិញក្រោយសម្រាល (Atonie utérine 70%)

   – ការដាច់រហែកនៅតំបន់ទ្វារមាស តំបន់មាត់ស្បូន ឫតំបន់ប៉េរីណេ (Déchirure des filières génitales 20%) 

   – ការនៅសល់សុក ឫកំទេចសុកនៅក្នុងស្បូន (Rétention placentaire ou débris placentaires 10%)

   – វិបិត្តកំណកឈាម (Trouble de coagulation ១%)

៣) កត្តាប្រឈម៖

   – កត្តាបណ្តាលមកពីស្បូនរីកធំក្នុងកំឡុងពេលមានផ្ទៃពោះ ដូចជាករណី៖

      • កូនថ្លោះ 

      • កូនភ្លោះ 

      • ទឹកភ្លោះច្រើន 

   – ស្ត្រីធ្លាប់សម្រាលកូនច្រើនដង 

   – ស្រ្តីដែលធាត់ពេកពេលមានផ្ទៃពោះ 

   – ស្ត្រីដែលធ្លាប់មានប្រវត្តិធ្លាក់ឈាមក្រោយសម្រាល

   – ឈឺពោះយូរ

   – សម្រាលបុត្រលឿនពេក

   – ស្រ្តីដែលមានសុកពាំងមាត់ស្បូន មានដុំឈាមកកនៅពីក្រោយសុក មានដុំសាច់នៅនឹងស្បូន ។

   – ស្រ្តីដែលមានភាពស្លេកស្លាំងក្នុងពេលមានផ្ទៃពោះ ។

   – កត្តាប្រឈមមកពីការប្រើប្រាស់ថ្នាំមួយចំនួន Inhibiteur calcique, Bêta-mimétique , Anticoagulants…

   – កត្តាប្រឈមមកពីវិបត្តិកំណកឈាមពីកំណើត 

៤) ផលវិបាកដែលស្ត្រីអាចជួប (Complications)៖

   – វិបត្តិកំណកឈាមដែលធ្វើឲ្យមានការបាត់បង់ជីវិត

   – វិបត្តិផ្លូវតម្រងនោម (ខូចតម្រងនោម)

   – វិបត្តិគ្មានកូន

៥) អនុសាស្រ្តរបស់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត៖

   – ស្រ្តីគួរមកពិនិត្យផ្ទៃពោះអោយបានទៀងទាត់តាមការណាត់របស់គ្រូពេទ្យដើម្បីអោយគ្រូពេទ្យស្វែងរកនៅកត្តា

ប្រឈមមួយចំនួនដែលស្រ្តីមាននៅកំឡុងពេលមានផ្ទៃពោះ។

   – ស្រ្តីគួរញ៉ាំជាតិដែកអោយបានតិចបំផុត ៩០គ្រាប់ ចំពោះស្រ្តីដែលគ្មានភាពស្លេកស្លាំងពីមុន។

   – ស្រ្តីមិនត្រូវអោយឡើងទម្ងន់ខ្លួនខ្លាំងពេកទេនៅពេលមានផ្ទៃពោះរហូតដល់ពេលគ្រប់ខែ។

   – ស្រ្តីគួរមកពិនិត្យផ្ទៃពោះ និងសម្រាលបុត្រនៅកន្លែងណាដែលមានគ្រប់ជំនាញ និងសម្ភារៈចំពោះស្រ្តីដែលគ្រូពេទ្យរកឃើញថាគាត់មានកត្តាប្រឈមនៅពេលមានផ្ទៃពោះ។ នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕ 

ដោយ ៖ សិលា


ចែករំលែក៖