ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជាអធិបតីក្នុងការធ្វើតេស្តរហ័សស្វែងរកសារធាតុញៀនតាមទឹកមូត្រជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប

ចែករំលែក៖

ភ្នំពេញ ៖ នៅទីស្តីការក្រសួង នាថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីក្នុងការធ្វើតេស្តរហ័សស្វែងរកសារធាតុញៀនតាមទឹកមូត្រជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ទីប្រឹក្សា ជំនួយការ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ នៃក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាបសរុបប្រមាណ ៥០០នាក់។

លោករដ្ឋមន្រ្តីបានបញ្ជាក់ឱ្យដឹងថា ការធ្វើតេស្តរហ័សស្វែងរកសារធាតុញៀនក្នុងទឹកមូត្រនាពេលនេះគឺ ដើម្បីចូលរួមអនុវត្តនូវកាតព្វកិច្ច និងរួមចំណែកធានានូវប្រសិទ្ធភាពនៃការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដែលជាអាទិភាពនយោបាយដ៏សំខាន់របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក៏ដូចជាដើម្បីលើកកម្ពស់នូវជំនឿទុកចិត្ត ប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អក្នុងស្ថាប័នរដ្ឋទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានដាក់ចេញនូវបទបញ្ជាលេខ០១បប ស្ដីពីការដាក់ចេញនូវវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ហើយការធ្វើតេស្តរហ័សស្វែងរកសារធាតុញៀនក្នុងទឹកមូត្រនៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម រយៈពេលពេញមួយថ្ងៃនេះ ចាប់ពីម៉ោង ៨៖០០នាទីព្រឹក នៅម៉ោង ៥៖០០នាទីរសៀល បានបិទបញ្ចប់ដោយរលូនមិនមានរកឃើញសារធាតុញៀននោះទេ៕

ដោយ ៖ សិលា


ចែករំលែក៖