ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសាធារណការ​ និងប្រតិភូទីភ្នាក់ងារ​ JICA​ ប្រចាំកម្ពុជា​ ជួបពិភាក្សាស្តីពីការកំណត់ទីតាំងចំណុចតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿនក្រុងហូជីមិញ-ម៉ុកបៃ

ចែករំលែក៖

ភ្នំពេញ​៖ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បានឱ្យដឹងនៅថ្ងៃ​ទី១១ ខែកញ្ញា ឆ្នាំ២០២៤នេះថា៖ លោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រជុំពិភាក្សាជាមួយប្រតិភូនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ប្រចាំប្រទេសកម្ពុជា (JICA Cambodia) ដឹកនាំដោយលោក Izumi Takahiro តំណាង JICA ប្រចាំកម្ពុជា ស្តីពីការកំណត់ទីតាំងចំណុចតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿនក្រុងហូជីមិញ-ម៉ុកបៃ របស់វៀតណាម កាលពីម្សិលមិញនេះ​ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រុមហ៊ុន CRBC និងមន្រ្តីបច្ចេកទេសរបស់ក្រសួងជាច្រើនរូបផងដែរ។

ជំនួបពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណងស្វែងយល់លក្ខណៈបច្ចេកទេសនៃការកំណត់ទីតាំងចំណុចតភ្ជាប់ផ្លូវល្បឿនលឿនរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម តាមរយៈអនុស្សរណៈនៃការយោគយល់គ្នា MOU-2017 ដែលបានធ្វើការសិក្សាដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា(JICA Cambodia) តាំងពីឆ្នាំ២០១៥ និងលទ្ធភាពនៃកិច្ចសហការតាមរយៈ JICA Cambodia និងJICA Vietnam លើទិដ្ឋភាពបច្ចេកទេស ក្នុងការជំរុញ និងការកំណត់ទីតាំងចំណុចតភ្ជាប់ផ្លូវល្បឿនលឿន ឱ្យបានឆាប់ និងមានអត្ថប្រយោជន៍ក្នុងរយៈពេលវែងសម្រាប់ប្រទេសទាំងពីរ។ 

ក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងពីវឌ្ឍនភាព និងចំណុចសំខាន់ៗសម្រាប់ JICA Cambodia ធ្វើការស្វែងយល់ និងពិនិត្យលទ្ធភាពធ្វើកិច្ចសហការជាមួយ JICA Vietnam រួមមាន៖ 

*១-តាមរយៈកំណត់ហេតុកិច្ចប្រជុំនាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ភាគីវៀតណាមនឹងរៀបចំគណៈកម្មការចម្រុះថ្នាក់ជាតិដើម្បីធ្វើការចរចារជាមួយកម្ពុជា

*២-JICA Cambodia បាននឹងកំពុងអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងផ្នែកភស្តុភារកម្មជំហាន២ តាមព្រំដែនកម្ពុជា-វៀតណាម ដោយពាក់ព័ន្ធសំខាន់នឹងការតភ្ជាប់ និងពាណិជ្ជកម្មឆ្លងកាត់ព្រំដែន 

*៣-សូមកិច្ចសហការជាមួយខាងJICA Vietnam បង្ហាញពីស្ថានភាពតភ្ជាប់តាមរយៈផ្លូវជាតិលេខ២២ របស់ប្រទេសវៀតណាមមកច្រកបាវិត គឺមិនអាចទៅរួច និងមានផលលំបាកច្រើន ដោយនៅខាងកម្ពុជាមានស្ថានភាពស្ទះខ្លាំងនាពេលបច្ចុប្បន្ន 

*៤-ភាគីកម្ពុជា បានត្រៀមជាស្រេច និងមានភាពបត់បែនចំពោះចំណុចតភ្ជាប់ម្តុំបង្គោលលេខ១៦៤ ដើម្បីសម្រួលគ្នាទៅវិញទៅមកក្នុងការកំណត់ចំណុចតភ្ជាប់ឱ្យបានជោគជ័យ៕

ដោយ៖ តារា


ចែករំលែក៖