ព័ត៌មានទាន់ហេតុការណ៍៖

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ កម្ពុជាយល់ឃើញថាខេត្តហ្វូជៀន មានបទពិសោធន៍ជោគជ័យក្នុងការបង្កើតតំបន់ពាណិជ្ជកម្មសេរី និងអាចផ្ដល់បទពិសោធន៍ទាំងនោះមកកម្ពុជាដើម្បីសិក្សាបន្ថែម

ចែករំលែក៖

ប្រទេសចិន ៖ ក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជា ក្រោមការដឹកនាំដោយផ្ទាល់របស់ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទៅសាធារណរដ្ឋប្រជាមានិតចិនកាលពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅនេះ ក៏មានជំនួបទ្វេភាគីរវាងកម្ពុជា ជាមួយឥស្សរជនជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាមានិតចិនចំនួនពីររូបផងដែររួមមាន៖ លោក He Lefeng ឧបនាយករដ្ឋមន្ត្រី និងជាសមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងលោក Zhou Zuyi លេខាបក្សកុម្មុយនីស្តក្នុងខេត្តហ្វូជៀន រៀងគ្នានៅថ្ងៃទី៧ និងទី៨ ខែកញ្ញា ឆ្នាំ២០២៤។

ក្នុងកិច្ចប្រជុំនាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងអំពីទំនាក់ទំនងការទូតកម្ពុជា-ចិននៅក្នុងយុគសម័យថ្មីនេះ ដែលឈានដល់ការអនុវត្តផែនការសកម្មភាពនៃការកសាង សហគមន៍វាសនារួម ពង្រឹងក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ សំដៅសម្រេចឱ្យបាននូវការកសាងសហគមន៍ វាសនារួមកម្ពុជា-ចិនឆ្នាំ២០២៤-២០២៨ ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅថ្មីនេះ កម្ពុជាបានប្រារព្វពិធីប្រសិទ្ធនាមឈ្មោះផ្លូវ “មហាវិថី ស៊ី ជីនពីង” ដែលត្រូវនឹងខួបអនុស្សាវរីយ៍លើកទី៦៦ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ដែលជាសក្ខីភាពនៃការយកចិត្តទុកដាក់លើទំនាក់ទំនងកម្ពុជា-ចិន គាំទ្រគោលនយោបាយចិនតែមួយ និងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវផងដែរ។

បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីកាលានុវត្តភាពវិនិយោគក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន និងគោលគំនិតដែលកម្ពុជាលើកទឹកចិត្តជូនវិនិយោគិនពីគ្រប់ទិសទីមកវិនិយោគបន្ថែមទៀត ពិសេសលើការបង្កើតតំបន់ពាណិជ្ជកម្មសេរី និងក្រុមហ៊ុនបង្កើតផលិតផលជាសក្ដានុពលរួមមាន៖ គ្រឿងបង្គុំអេឡិចត្រូនិក និងរថយន្តជាដើម។ ស្របតាមកិច្ចប្រជុំរវាងឯកឧត្តម វ៉ាង យី (Wang Yi) ជាមួយសម្ដេចធិបតីនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ កន្លងទៅនេះ សម្តេចធិបតីធ្លាប់បានស្នើឱ្យភាគីចិនពិនិត្យលទ្ធភាពក្នុងការជំរុញកិច្ចសហប្រតិបត្តិការបង្កើតតំបន់ពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងតំបន់សេដ្ឋកិច្ចពិសេសបន្ថែមទៀត។ អាស្រ័យហេតុនេះហើយ កម្ពុជាយល់ឃើញថាខេត្តហ្វូជៀន ពិសេសក្រុងសៀមិន មានបទសោធន៍ជោគជ័យក្នុងការបង្កើតតំបន់ពាណិជ្ជកម្មសេរី និងអាចផ្ដល់បទពិសោធន៍ទាំងនោះមកកម្ពុជាដើម្បីសិក្សាបន្ថែម។ ពិសេសជាងនេះ ក្រុងសៀមិន អាចណែនាំក្រុមហ៊ុនដែលមានសក្ដានុពល ទៅវិនិយោគបង្កើតតំបន់ពាណិជ្ជកម្មសេរីនៅកម្ពុជាបានផងដែរ។ 

មុននឹងបញ្ចប់ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើអញ្ជើញថ្នាក់ដឹកនាំទាំងពីរ របស់សាធារណរដ្ឋប្រជាមានិតចិន ឆ្លៀតពេលវេលាមានតម្លៃមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលឆាប់ៗណាមួយខាងមុខនេះ៕

ដោយ ៖ តារា


ចែករំលែក៖