ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ តើហេដ្ឋារចនាសម្ព័ន្ធរឹងមាំមានអ្វីខ្លះ? និងតើវាជួយអ្វីខ្លះដល់សេដ្ឋកិច្ចជាតិ?

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបានថ្លែងថា ៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានរូបវ័ន្តរឹងមាំផ្នែកឡូជីស្ទីកនេះ គឺជួយឱ្យប្រទេសជាតិរបស់យើងមានលំនឹង និងមានសក្តានុពលកាន់តែខ្លាំងនៅក្នុងអនាគត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ប្រៀបដូចជារោងដែលយើងគ្រប់គកនាកំពុងជ្រកនេះ ហើយសេដ្ឋកិច្ចប្រៀបដូចជាគ្រាប់ភ្លៀង។ នៅខែវស្សាមានភ្លៀង ខែប្រាំង រាងក្តៅ គ្មានភ្លៀង រីឯខែកក្តិកវិញរងារ។ ប៉ុន្តែនៅខែប្រាំង ខែភ្លៀង គឺយើងមានដំបូលជ្រក។ ប្រសិនបើមានខ្យល់ខ្លាំង ហេដ្ឋារចនាសម្ព័ន្ធយើងរឹងមាំ មានដំបូលជ្រក នោះគឺយើងមិនខ្លាចទទឹកនោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ៖ ចុះប្រសិនជាយើងមិនមានហេដ្ឋារចនាសម្ព័ន្ធ មិនមានដំបូលជ្រករឹងមាំទេ បើមានខ្យល់ព្យុះបក់មកតែបន្តិច នោះប្រាកដជាប៉ើងខ្ចិចខ្ទីអស់ហើយ។ សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចពិភពលោកតែងឡើង-ចុះ ហើយវិស័យផ្សេងៗក៏តែងឡើង-ចុះ ប៉ុន្តែការកសាងហេដ្ឋារចនាសម្ព័ន្ធនិងភាពប្រកួតប្រជែង គឺជួយឱ្យយើងប្រកួតប្រជែងកាន់តែខ្លាំង ដោយវាជួយទាញសក្តានុពលឱ្យល្អនៅពេលសេដ្ឋកិច្ចកើន ហើយនៅពេលសេដ្ឋកិច្ចជួបបញ្ហា យើងអាចទប់សភាពការណ៍បាន ហើយបន្តដំណើរឆ្ពោះទៅមុខឥតឈប់ឈរបាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផលនានានៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ 

ជាមួយគ្នានោះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានលើកឡើងផងដែរថា ការ ពង្រីក កំពង់ផែ នៅខេត្តព្រះសីហនុនាពេលនេះ នឹងធ្វើឲ្យផែរបស់កម្ពុជា អាចមានការប្រកួតប្រជែង ជាមួយប្រទេសជិតខាងបាន ខណៈចំណតផែកុងតឺន័របន្ថែមដែលមានប្រវែង២៥៣ម៉ែត្រនេះ នឹងក្លាយទៅជាជម្រើសបន្ថែមទៀត ក្នុងការទាក់ទាញនាវាដឹកទំនិញធំៗមកកាន់កម្ពុជា ឲ្យបានកាន់តែច្រើន បន្ថែមទៀតស្របទៅ តាមការចង់បានរបស់រាជរដ្ឋាភិបាល ដើម្បី ផលប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិទាំងមូលនោះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួង-ស្ថាប័ន និងអ្នកពាក់ព័ន្ធ បន្តបង្កើនកិច្ចសហការល្អ ដើម្បីជំរុញចលនការនៃការអភិវឌ្ឍកំពង់ផែកម្ពុជា ប្រកបដោយភាពប្រកួតប្រជែងខ្ពស់ ៕

ដោយ ៖ សិលា


ចែករំលែក៖