ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ តើការពង្រីកចំណតកំពង់ផែស្វយ័តក្រុងព្រះសីហនុប្រវែង២៥៣ ម៉ែត្រមានគោលបំណងអ្វី?

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នៅក្នុងពិធីសម្ពោធសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ «ចំណតផែកុងតឺន័របន្ថែម ប្រវែង ២៥៣ម៉ែត្រ» នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបានថ្លែងថា ៖. ចំណតកំពង់ផែកុងតឺន័របន្ថែម ២៥៣ ម៉ែត្រនឹងផ្តល់ជាជម្រើសបន្ថែមសម្រាប់ជួយបំពេញនូវមុខងាររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុក្នុងគោលបំណងពង្រីកសមត្ថភាព និងធ្វើទំនើបកម្មកំពង់ផែដើម្បីឆ្លើយតបនូវកំណើនកុងតឺន័រដែលឆ្លងកាត់ប្រចាំថ្ងៃមុននឹងទទួលបានសមិទ្ធផលចំណតផែកុងតឺន័រថ្មី៣ជំហាននាពេលអនាគត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ កាលពីពេលប្រកាសបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១ រាជរដ្ឋាភិបាលមានមហិច្ឆិតា និងការសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅជំហាន ២ បន្ថែមទៀតដើម្បីប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុទៅជាកន្លែងផ្ទេរ ផ្ទុកទំនិញដ៏សំខាន់របស់កម្ពុជា និងជាកំពង់ផែទឹកជ្រៅស្នូលនៅតំបន់ ដែលអនុញ្ញាតឱ្យការដឹកជញ្ជូនទំនិញចេញចូលផ្ទាល់ពីកម្ពុជាទៅកំពង់ផែនានាលើពិភពលោក។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា៖ «ចំណតកផែកុងតឺន័របន្ថែម ២៥៣ម៉ែត្រ បានសាងសង់ និងស្តារជម្រៅទឹកដល់ ១១,៥ម៉ែត្រ កាលពីចុងឆ្នាំទៅឯកឧត្តម លូ គឹឈុន បានចូលរាយការណ៍ឱ្យខ្ញុំ ថាអីឡូវ សមត្ថភាពផែ មានតែ ៥៥ម៉ឺនធីអីយូទេ ក្នុង១ឆ្នាំ ប៉ុន្តែ ជាក់ស្តែងយើងធ្វើទៅដល់ ៧៥ម៉ឺនធីអីយូហើយ ព្រោះអត់កន្លែងដាក់ ពិតណាស់យើងធ្វើ៣ជំហ៊ានទៀត បច្ចុប្បន្ន ត្រូវច្នៃអ្វីដែលមាន ! ហើយអីឡូវនេះយើងជីកជម្រៅថែមដល់ ១១,៥ម៉ែត្រ យើងអាចឱ្យប្រភេនាវាដឹកកុងតឺន័រ នៅអាស៊ីប៉ាស៊ី ហ្វិក អាចមកដល់៤៩,២៥ភាគរយ ហើយនាវាកម្រិតចរាចរណ៍លើពិភពលោក ១៨ភាគរយ»។

ត្រង់ចំណុចនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការពង្រីកបន្ថែមនូវសមត្ថភាពទទួលកុងតឺន័ររបស់កំពង់ផែនកម្ពុជា នឹងកាត់បន្ថយការដឹកជញ្ជូនទំនិញ ដូច្នេះ ការជ្រើសរើសផែសម្រាប់ចូលចតដឹកទំនិញ របស់ឈ្មួញនៅប្រទេសជិតខាង ឬប្រទេសកម្ពុជា គឺអាស្រ័យលើតម្លៃដឹកជញ្ជូនឆ្លងកាត់ផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា៖ «ការពង្រីក និងការកសាង ៣ជំហានទៀត នឹងជួយផែរបស់កម្ពុជា អាចប្រកួតប្រជែងជាមួយផែលើពិភពលោក ហើយកន្លែងដឹកជញ្ជូនទំនិញជាកន្លែងប្រកួតប្រជែងហើយ គឺជួយការផលិតដំណើរ ការដឹកជញ្ជូនដើរ នោះនឹងជួយដល់ការរីកចម្រើនផ្នែកសេដ្ឋកិច្ចជាតិ។ ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តរឹងមាំ ផ្នែកឡូជីស្ទីកនេះ គឺជួយឱ្យប្រទេសជាតិមានលំនឹង និងមានសក្តានុពលកាន់តែខ្លាំងនៅថ្ងៃអនាគត»៕

ដោយ ៖ សិលា


ចែករំលែក៖