ខេត្តកំពង់ចាម ៖ ក្នុងឱកាសអញ្ជើញប្រកាសលោក ស៊ីម គង់ ចូលកាន់មុខតំណែងជាអភិបាលស្រុកជើងព្រៃ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ម្សិលមុិញ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានណែនាំអភិបាលស្រុកជើងព្រៃទើបចូលកាន់មុខតំណែង បន្តខិតខំថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងបម្រើសេវាជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរថែមទៀត។
ពិធីប្រកាសចូលកាន់មុខតំណែង អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃ បានរៀបចំធ្វើឡើងនៅសាលាស្រុកជើងព្រៃ ក្រោមអធិបតីភាពលោកខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងលោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម។
នាឱកាសនោះ លោកអភិបាលខេត្តបានមានប្រសាសន៍ថា ប្រការដែលផ្តល់ឱកាសឱ្យ លោក ស៊ីម គង់ មកទទួលតំណែងជាអភិបាលស្រុកជើងព្រៃនេះ ដោយសារភូមិសាស្ត្រស្រុកជើងព្រៃមានសក្តានុពល គឺជាតំបន់សេដ្ឋកិច្ចពិសេស ដែលមានរោងចក្រ រីឯលោកអភិបាលស្រុកថ្មីនេះ មានសមត្ថភាពក្នុងការទំនាក់ទំនងជាមួយអ្នកវិនិយោគទុន ដើម្បីបង្កើនការងារ និងបង្កើនចំណូលដល់ប្រជាពលរដ្ឋ។
លោកអភិបាលខេត្តក៏បានយកឱកាសនេះ ធ្វើការផ្តាំផ្ញើនិងណែនាំឱ្យរដ្ឋបាលស្រុកជើងព្រៃ បន្តពង្រឹងកាអនុវត្តនូវគោលការណ៍៤ចំណុច ដើម្បីអនុវត្តបន្ត ដូចខាងក្រោម ៖
ទី១-ខិតខំបន្ដថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ពោលគឺការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ទាំង៧ចំណុច ត្រូវធានាឱ្យបានល្អនៅក្នុងភូមិសាស្ត្ររបស់ខ្លួន។ បន្ថែមពីលើសនេះ ត្រូវមើលផងដែរពាក់ព័ន្ធបញ្ហាក្មេងទំនើង បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាបទល្មើសគ្រឿងញៀន ត្រូវទប់ស្កាត់ឱ្យបានកុំឱ្យមានបញ្ហានៅក្នុងមូលដ្ឋានរបស់ខ្លួន។
ទី២-ត្រូវជំរុញនូវការផ្ដល់សេវាសាធារណៈតាមរយៈយន្តការច្រកចេញចូលតែមួយ ទាំងថ្នាក់ឃុំ និងថ្នាក់ស្រុក ត្រូវឱ្យមានមន្ត្រីនៅប្រចាំការ ប្រសិនបើមានការខ្វះចន្លោះ សូមលោកអភិបាលស្រុកទើបតែឡើងកាន់តំណែងថ្មី ត្រូវបំពេញបន្ថែមដល់មន្ត្រី ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។
ទី៣- សូមឱ្យមើលទៅលើឥរិយាបថរបស់មន្ត្រីដែលកំពុងបម្រើការងារផ្ដល់សេវា ព្រមទាំងមន្ត្រីកំពុងអនុវត្តការងារសន្តិសុខ សេវាអប់រំ សេវាសុខាភិបាល និងសេវាកសិកម្ម ជាដើម។
ទី៤-សូមឱ្យបង្កើននូវការយកចិត្តទុកដាក់ អភិវឌ្ឍន៍មូលដ្ឋាន និងការដោះស្រាយបញ្ហានានាដែលកើតមាននៅទីនេះ ទាំងបញ្ហាដែលនៅសេសសល់ពីអភិបាលស្រុកមុន និងបញ្ហាដែលកើតឡើងថ្មី ។ ចំពោះការអភិវឌ្ឍត្រូវយកបទពិសោធន៍ដែលធ្លាប់មាន មកបន្តអភិវឌ្ឍន៍នៅក្នុងស្រុកជើងព្រៃនេះ ឱ្យស្របតាមស្ថានភាពមូលដ្ឋាន ដោយទំនាក់ទំនងចាប់ដៃគូជាមួយអ្នកវិនិយោគផ្សេងៗ ធ្វើយ៉ាងណាឱ្យមានការអភិវឌ្ឍដល់ថ្នាក់ឃុំផងដែរ៕ ដោយ ៖ សិលា