សារព័ត៌មាន AFP នៅថ្ងៃទី ១២ខែកញ្ញា បានផ្សាយថា យោធាកូរ៉េខាងត្បូងបានឱ្យដឹងថា កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លីជាច្រើនគ្រាប់ចូលក្នុងសមុទ្រស្ថិតនៅភាគខាងកើតនៃឧបទ្វីបកូរ៉េ នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញានេះ ដែលនេះជាការធ្វើតេស្ដមីស៊ីលជាលើកដំបូងក្នុងរយៈពេល២ខែ និងកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយកូរ៉េខាងជើងប្រារព្ធខួបបង្កើតប្រទេស។
អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បានបញ្ជាក់ថា ខ្លួនចាប់បានសញ្ញាបាញ់មីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លីជាច្រើនគ្រាប់ ឆ្ពោះទៅកាន់សមុទ្រខាងកើត នៅម៉ោង៧ៈ១០នាទី ថ្ងៃព្រហស្បតិ៍នេះ ចេញពីទីក្រុងព្យុងយ៉ាង ហើយកំពុងធ្វើការវិភាគនិងចែករំលែកព័ត៌មានយ៉ាងជិតស្និទ្ធពាក់ព័ន្ធនឹងការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើង ជាមួយសហរដ្ឋអាមេរិកនិងជប៉ុន ខណៈកំពុងពង្រឹងការតាមដាននិងការប្រុងប្រយ័ត្ន ដើម្បីត្រៀមលក្ខណៈសម្រាប់ការធ្វើតេស្ដថ្មីណាមួយបន្ថែមទៀត។
ក្រសួងការពារជាតិជប៉ុន ក៏បានទទួលស្គាល់ពីការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើងផងដែរ តែបញ្ជាក់ថា ទីក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលបាលិស្ទីគមួយគ្រាប់។
នេះគឺជាការធ្វើតេស្ដមីស៊ីលលើកដំបូងបំផុតរបស់កូរ៉េខាងជើង គិតចាប់តាំងពីថ្ងៃទី១ ខែកក្កដាមក។ កូរ៉េខាងជើងតែងតែធ្វើតេស្ដបាញ់មីស៊ីលជាប្រចាំនៅរង្វង់ថ្ងៃទី៩ ខែកញ្ញា ជារៀងរាល់ឆ្នាំ ដែលត្រូវជាថ្ងៃខួបបង្កើតប្រទេស ក្នុងនោះរួមមានទាំងការធ្វើតេស្តនុយក្លេអ៊ែរជាលើកទី៥ ក្នុងថ្ងៃដដែលនោះកាលពីឆ្នាំ២០១៦។ រហូតដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ កូរ៉េខាងជើងបានធ្វើតេស្ដអាវុធនុយក្លេអ៊ែរលើកទី៦៕ ដោយ៖ ធីរីណា
រូបថត៖ vtcnews