ភ្នំពេញ ៖ “ជាគោលការណ៍ច្បាប់ ទាំងច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងច្បាប់សិទ្ធិមនុស្សជាតិ បានចែងថា សេរីភាពនៃការបញ្ចេញមតិត្រូវបានច្បាប់ការពារ ប៉ុន្តែការញុះញង់ ការចោទប្រកាន់ខុសពីការពិត ការផ្សព្វផ្សាយព័ត៌មានមិនពិត មិនមែនជាសេរីភាពនៃការបញ្ចេញមតិនោះទេ”។ នេះជាការលើកឡើងរបស់ បណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ នៃក្រសួងយុត្តិធម៌ ។
លោក ជិន ម៉ាលីន បានបញ្ជាក់បន្ថែមថា ការផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយ បំភ្លៃ និងបំផ្លើស ខុសពីការពិត ក្នុងចេតនាឱ្យមានការរើសអើសជាតិសាសន៍ ក៏ដូចជាការញុះញង់ឱ្យមានការចលាចល និងអំពើហិង្សានៅក្នុងសង្គម ។ល។ មិនមែនជាសេរីភាពនៃការបញ្ចេញមតិនោះទេ ប៉ុន្តែច្បាប់បានចែងថានេះជាអំពើល្មើស ហើយអ្នកប្រព្រឹត្តិអំពើល្មើសទាំងអស់នេះ នឹងមិនត្រូវបានការពារដោយច្បាប់នោះទេ ហើយផ្ទុយទៅវិញអ្នកប្រព្រឹត្តិនឹងត្រូវប្រឈមនឹងផ្លូវច្បាប់។
សូមរម្លឹកថា កាលពីពេលថ្មីៗនេះ មានក្រុមអង្គការសង្គមស៊ីវិលមួយចំនួនតូច និងក្រុមជ្រុលនិយមនៅក្រៅប្រទេស បានវាយប្រហារមកលើរាជរដ្ឋាភិបាល អំពីការរឹតត្បិតសិទ្ធិសេរីភាពនៃការបញ្ចេញមតិ ជាពិសេសបន្ទាប់ពីស្រ្តីម្នាក់ដែលបានសរសេរបំភ្លៃ និងមួលបង្កាច់ ក្នុងន័យញុះញង់ឱ្យមានការរើសអើងជាតិសាសន៍ក្នុងខមមិន (comment) ទំព័រហ្វេសប៊ុក សម្តេចតេជោ ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។
បន្ថែមពីលើនេះលោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសេចក្តីពន្យល់តាមរយៈវីដេអូមួយកាលពីថ្ងៃម្សិលមិញ អំពីសេរីភាពបញ្ចេញមតិក្នុងក្របខណ្ឌច្បាប់ជាតិ និងអន្តរជាតិក្នុងប្រទេសដែលប្រកាន់ប្រជាធិបតេយ្យ និងនីតិរដ្ឋអនុវត្តនៅទូទាំងពិភពលោក ដោយបញ្ជាក់ថា ចំណាត់ការផ្លូវច្បាប់ត្រូវបានធ្វើឡើងចំពោះជនទាំងឡាយណាដែលប្រព្រឹត្តិល្មើសច្បាប់ គឺជាដំណើរការធម្មតា និងអនុវត្តជាទូទៅនៅក្នុងប្រទេសដែលប្រកាន់នីតិរដ្ឋ។
សូមបញ្ជាក់ថា មាត្រា៤១ នៃរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជា បានចែងថា “ប្រជាពលរដ្ឋខ្មែរ មានសិទ្ធិសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការជួបជុំ។ ជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះដោយរំលោភ នាំឱ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្ដាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិបានឡើយ។ របបសារព័ត៌មាន ត្រូវរៀបចំឡើងដោយច្បាប់”។
លោកប៉ែន បូណា បានបន្ថែមថា៖ “ការអនុវត្តច្បាប់ចំពោះអ្នកល្មើសច្បាប់ មិនត្រូវបានចាត់ទុកថាជាអំពើធ្វើទុក្ខបុកម្នេញ ជាការបំបិទសិទ្ធិ ឬជាការរំលោភសិទ្ធិមនុស្ស ណាមួយនោះទេ។ កន្លងទៅក្រុមអង្គការសង្គមស៊ីវិលមួយចំនួន និងក្រុមប្រឆាំង មិនដែលបានលើកយកមាត្រាទី៤១នេះ ពេញលេញមកនិយាយនោះទេ គឺពួកគេនិយាយតែមួយកំណាត់ខាងលើ ដោយក្រុមនេះលើកតែពីចំណុច ប្រជាពលរដ្ឋខ្មែរ មានសិទ្ធិសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការជួបជុំ តែមិនលើកពីការដែលមិនអាចប្រើសិទ្ធិនេះរំលោភបំពានអ្នកដទៃ ប៉ះពាល់ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្ដាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិបានឡើយ។ របបសារព័ត៌មាន ត្រូវរៀបចំឡើងដោយច្បាប់។ ក្រុមទាំងនេះមិនដែលលើកយកមកនិយាយទាល់តែសោះ!”៕
ដោយ៖ សូរិយា