ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡាសូមជម្រាបជូន បុគ្គលិកអប់រំ និងសាធារណជនទាំងអស់ ជ្រាបថា៖ ថ្មីៗនេះ ក្រុមជនអគតិបានបំផុសបំផុល និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ពាក់ព័ន្ធនឹងការកាត់បៀវត្ស របស់គ្រូ បង្រៀនដើម្បីចូលវិភាគទានទៅក្នុងគម្រោងអភិវឌ្ឍន៍តាមព្រំដែន ដោយកាត់យកតែម្តង និងដោយមិនបានសួរ យោបល់ពីគ្រូបង្រៀន។ ក្រសួងអប់រំ យុវជន និងកីឡាសូមបដិសេធទាំងស្រុង និងថ្កោលទោសចំពោះសកម្មភាព បំផុសបំផុល និងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដែលមានចរិតជាសកម្មភាពញុះញង់ក្នុងរូបភាពអាក្រក់ និង មើលស្រាលដល់ស្មារតីមហាសាមគ្គីជាតិខ្មែរ និងទឹកចិត្តរបស់ប្រជាពលរដ្ឋខ្មែរ ដែលបានបរិច្ចាគវិភាគទានផ្ទាល់ ខ្លួនដោយស្ម័គ្រចិត្ត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ក្នុងបុព្វហេតុរួមគ្នាកសាង និងការពារមាតុភូមិកម្ពុជារបស់យើង។
ក្រសួងអប់រំ យុវជន និងកីឡាមិនធ្លាប់ចេញសេចក្តីណែនាំ ឬធ្វើការបង្ខិតបង្ខំណាមួយ ឱ្យបុគ្គលិកអប់រំ កាត់បៀវត្ស ដើម្បីចូលរួមក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន នោះឡើយ។ ក្រសួងសុំផ្ញើសារទៅ ជនលីលានោះឱ្យបានជ្រាបថា បៀវត្សរបស់បុគ្គលិកអប់រំមិនអាចកាត់ដោយគ្មានការយល់ព្រមពីសាមីខ្លួន បានឡើយ ព្រោះបៀវត្សត្រូវផ្ទេរពីគណនីរបស់រតនាគារ ចូលទៅក្នុងគណនីជាបុគ្គលរបស់បុគ្គលិកអប់រំតែម្តង។ ក្រសួងសូម ថ្កោលទោសចំពោះជនអគតិទាំងឡាយណា ដែលបានបង្កើតព័ត៌មានញុះញង់ និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ព្រមទាំងស្នើសុំឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនអគតិទាំងនោះ។ សូមបុគ្គលិកអប់រំ និងសាធារណជនទាំងអស់ជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាព សង្គម ការអភិវឌ្ឍ និងសេចក្តីសុខរួមរបស់ប្រជាជនកម្ពុជានៅក្នុងទូទាំងប្រទេស៕
ដោយ ៖ សិលា