ខេត្តតាកែវ ៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ថាមានការបង្ខិតបង្គោលព្រំដែនជាង១ពាន់ម៉ែត្រ នៅច្រកទ្វារអន្តរជាតិភ្នំដិន ស្ថិតនៅក្នុងស្រុកគីរីវង់។
ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ អភិបាលខេត្តតាកែវ បានសង្កត់ធ្ងន់ថា «ការចោទប្រកាន់របស់ក្រុមប្រឆាំងថាមានការបង្ខិតបង្គោល ព្រំដែនលេខ២៧៥ ចំនួន១៧០០ម៉ែត្រនៅច្រកទ្វារអន្តរជាតិភ្នំដិន គឺជារឿងមិនពិតនោះទេ។ ស្ថានភាពបង្គោលព្រំដែននៅគឺនៅដដែល គ្មានការដក ឬបង្ខិតបង្គោលនោះទេ»។
លោក វ៉ី សំណាង បានបន្តថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បន្ទាប់ពីមានការចោទប្រកាន់របស់ក្រុមប្រឆាំង និងក្រុមអង្គការសង្គមស៊ីវិល, ក្រុមយុវជន និងក្រុមជំនួយការរបស់ថ្នាក់ដឹកនាំបានចុះទៅដល់ទីតាំង បង្គោលព្រំដែន លេខ២៧៥ ហើយបានជួបជាមួយអាជ្ញាធរ និងសមត្ថកិច្ចនៅច្រកព្រំដែនអន្តរជាតិភ្នំដិន និងបានឃើញដោយផ្ទាល់បង្គោលព្រំដែន គឺមិនមានការបង្ខិតបង្គោលអ្វីទាំងអស់។
លោកអភិបាលខេត្តតាកែវ បានផ្ដាំផ្ញើក្រុមប្រឆាំងដែលនៅតែមិនជឿថា មិនមានការបង្ខិតបង្គោលព្រំដែននៅច្រកទ្វារអន្តរជាតិភ្នំដិន សូមទាក់ទងមកអាជ្ញាធខេត្ត ហើយអាជ្ញាធរនឹងជូនពួកគាត់ចុះទៅពិនឹត្យមើលដល់ទីតាំងបង្គោល លេខ២៧៥ នៅច្រកទ្វារព្រំដែន ដោយការធ្វើដំណើរ និងការហូបចុកអាជ្ញាធខេត្តតាកែវ ជាអ្នករ៉ាប់រងថ្លៃចំណាយទាំងអស់៕
ដោយ ៖ សិលា