ខេត្តមណ្ឌលគិរី ៖ សមុទ្រឈើ នៅមណ្ឌល គិរីមើលបែកផ្សែង ដាច់កន្ទុយភ្នែក ជាប់ ជើងមេឃ។ សមុទ្រឈើដែលស្ថិតនៅភូមិ ឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ជាកន្លែងដែលមាន ទេសភាពស្រស់ត្រកាល ដោយអាចមើល ព្រៃឈើ ដ៏ក្រាស់ឃ្មឹកដាច់កន្ទុយភ្នែកជាប់ ជើងមេឃប្រៀបដូចជាសមុទ្រ។
ជំនាណមគ្គទេសក៍ទេសចរណ៍ ខេត្ត មណ្ឌលគិរី បានប្រាប់ថា៖ “សមុទ្រឈើ វា មិនមែនគ្របដណ្ដប់ដោយទឹកទេ គឺវា ពោរពេញដោយដើមឈើ។ មូលហេតុ ដែលគេហៅថា សមុទ្រឈើ ព្រោះពេល យើងឈរលើកូនភ្នំនេះ គឺអាចមើលឃើញ ព្រៃឈើ លាតសន្ធឹងជាប់ជើងមេឃ ដាច់ កន្ទុយភ្នែកប្រៀបដូច ទឹកសមុទ្រ ហើយ ឃើញភ្នំតូចធំ ប្រៀបដូចជាកោះ យ៉ាង ដូច្នោះដែរ”។
សមុទ្រឈើស្ថិតនៅខាងជើងឆៀងខាង លិច ក្រុងសែនមនោរម្យ និងនៅជិតភ្នំដោះ ក្រមុំ។ ភ្ញៀវទេសចរទៅលេងនៅ មណ្ឌល គិរី មិនសូវរំលងតំបន់នេះទេ ព្រោះវាពិត ជា មានទេសភាពស្រស់ស្អាតណាស់ ជា ពិសេសគឺពេលថ្ងៃ រះ និងថ្ងៃលិច។ ជាមួយ នឹងអាកាសធាតុត្រជាក់ដ៏ រ៉ូមែនតិក វាក៏ជាទី កន្លែងអំណោយទានសម្រាប់ គូស្នេហ៍ ក្នុង ការសាសង ឬលក្ខណៈគ្រួសារ ក៏ទទួល បានអារម្មណ៍រីករាយប្លែកផងដែរ។
ខេត្តមណ្ឌលគិរី មានភាពខ្លាំង និងអំណោយផលដល់ការអភិវឌ្ឍជាគោលដៅអេកូទេសចរណ៍លំដាប់ខ្ពស់ ដែលនឹងអាចទាក់ទាញភ្ញៀវទេសចរមកកម្សាន្តឲ្យបានច្រើន និងមកច្រើនដង បង្កើតនិងបង្កើនការងារ បង្កើនចំណូល និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋមូលដ្ឋាន។
សក្តានុពលនៃតំបន់អភិរក្ស និងដែនជម្រកសត្វព្រៃទាំង៥ ក្នុងខេត្តមណ្ឌលគិរី ដែលមានទំហំជាង១លានហិកតា គឺជាសម្បត្តិធម្មជាតិដ៏មហាសាលសម្រាប់ការអភិវឌ្ឍអេកូទេសចរណ៍ និងដែលមានលក្ខណៈប្រហាក់ប្រហែលនឹងតំបន់អារ៉ែងនៃជួរភ្នំក្រវាញខាងត្បូង (ភាគនិរតីនៃប្រទេស) ដែលត្រូវបានចាត់ទុកជាតំបន់ព្រៃត្រូពិកចុងក្រោយដ៏សំខាន់របស់តំបន់អាស៊ីអាគ្នេយ៍។
ខេត្តមណ្ឌលគិរីក៏មានសក្ដានុពលធំធេងសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសការអភិវឌ្ឍកសិដ្ឋានផ្កា បន្លែ ផ្លែឈើ ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងអាចឈានដល់ការនាំចេញនៅបណ្ដាប្រទេសផ្សេងៗផងដែរ ខណៈដែលសក្តានុពលនេះនៅមិនទាន់ត្រូវបានអភិវឌ្ឍឲ្យបានពេញលេញនៅឡើយ៕
ដោយ ៖ សិលា