ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលស្នើឱ្យមន្ត្រីរាជការគ្រប់ក្រសួងស្ថាប័នធ្វើសកម្មភាពបុរេសកម្មឱ្យបានខ្លាំងក្លាដើម្បីបង្ហាញអំពីសមិទ្ធផលក្រសួងស្ថាប័នរបស់ខ្លួន ជាពិសេសការពារសមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបានដើម្បីកុំឱ្យក្រុមប្រឆាំងជ្រុលនិយមនិងប្រព័ន្ធឃោសនារបស់ពួកគេមួយក្តាប់តូចដែលអត់បានធ្វើអ្វីសោះ មានឱកាសបំផ្លើសបំភ្លៃ និងមួលបង្កាច់តទៅទៀត។
ការលើកឡើងរបស់លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញធ្វើបទបង្ហាញស្តីពី «ទំនាក់ទំនងសាធារណៈ និងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ» ដល់មន្រ្តីរាជការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងវគ្គបណ្តុះបណ្តាលកម្រិត២ វគ្គ៤ ស្តីពី ការកសាងនិងអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ ដែលរៀបចំនៅទីស្តីការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។
វគ្គបណ្តុះបណ្តលនេះ មានការអញ្ជើញចូលរួមពីមន្រ្តីរាជការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមន្រ្តីការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ សរុបប្រមាណចំនួន ២៦០នាក់៕
ដោយ ៖ សិលា