ព័ត៌មានទាន់ហេតុការណ៍៖

សាធារណជនជាព្រះសង្ឃ ប្រជាពលរដ្ឋ និស្សិត បញ្ញាវ័ន្តសរុបម្រមាណ ២០០ នាក់បាននិងកំពុងចូលរួមដំណើរទស្សនកិច្ចទិសឦសានផ្សារភ្ជាប់បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិលើកទី២

ចែករំលែក៖

ភ្នំពេញ​៖​ សាធារណជនជាព្រះសង្ឃ ប្រជាពលរដ្ឋ និស្សិត បញ្ញាវ័ន្តសរុបម្រមាណ ២០០ នាក់បាននិងកំពុងចូលរួមដំណើរទស្សនកិច្ចទិសឦសានផ្សារភ្ជាប់បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិលើកទី២ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ នេះជាមួយការធ្វើបទបង្ហាញពីកិច្ចការបោះបង្គោលខណ្ឌសីមាព្រំដែនគោករវាងប្រទេសកម្ពុជជានិងវៀតណាមពីសំណាក់ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញដើម្បីផ្តល់ព័ត៌មានត្រឹមត្រូវច្បាស់លាស់ពីការងារខណ្ឌសីមាព្រំដែនគោករបស់កម្ពុជានិងប្រទេសជិតខាង។ នេះបេី​យោង​តាមប្រភពព័ត៌មានពី​លោក​ នេត្រ​ ភក្ត្រា​ រដ្ឋមន្រ្តីក្រសួងព័ត៍មាន​។ 

ដំណើរទស្សនកិច្ចផ្សារភ្ជាប់ទឹកដី និងអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីកម្ពុជាតាមបណ្តាខេត្តនាទិសឦសាន្តក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ (DTA) ដែលមានក្រចេះ និងមណ្ឌលគិរី ស្ទឹងត្រែងនិងរតនគិរី ដែលមានចម្ងាយផ្លូវទាំងទៅ ទាំងមកជាង ៧០០គីឡូម៉ែត្រ លើកទី២ នេះកាន់តែមានការចាប់អារម្មណ៍ខ្ពស់ពីសំណាក់សាធារណជន។ ដំណើរទស្សនកិច្ចទិសឦសានដោយឥតគិតថ្លៃលើកទី២ លើតម្រាយផ្លូវតាមបណ្តោយព្រំដែនក្នុងខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី។ 

ដំណើរទស្សនកិច្ចមួយថ្ងៃនេះបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋបានស្គាល់ពីទឹកដី និងខណ្ឌសីមាព្រំដែនគោករបស់ខ្លួនយ៉ាងច្បាស់លាស់ និងបានយល់ពីសារៈសំខាន់នៃការកសាងផ្លូវក្រវាត់ព្រំដែន ក៏ដូចជាការអភិវឌ្ឍជាក់ស្តែងនៅតាមបណ្តាខេត្តនៅភូមិភាគឦសាន។ សាធារណជនដែលបានចូលរួមបង្ហាញក្តីសប្បាយរីករាយ និងការជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិកម្ពុជា។ 

កម្មវិធីដំណើរកម្សាន្តទៅកាន់ទិសឦសាន ដោយឥតគិតថ្លៃនេះ មិនតម្រូវឱ្យមានការបង់ប្រាក់អ្វីនោះទេ។ រាល់ការចំណាយលើការធ្វើដំណើរ អាហារ ភេសជ្ជៈ និងការស្នាក់នៅ គឺនឹងផ្តល់ជូនដោយឥតគិតថ្លៃ។ រាល់ការចំណាយទាំងអស់ ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចនេះ គឺឧបត្ថម្ភដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត និងការចូលរួមចំណែកឧបត្ថម្ភពីសប្បុរសជនដូចជាក្រុមហ៊ុនទឹកបរិសុទ្ធវីតាល ក្រុមហ៊ុនចុងភៅ សេង ហុកហេងដែលបានផ្តល់អាហារពេលព្រឹក និងក្រុមហ៊ុនភេសជ្ជៈបាកាស ដោយមិនប៉ះពាល់ដល់កញ្ចប់ថវិការដ្ឋ ឬកញ្ចប់ថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននោះទេ៕

ដោយ​៖ តារា​


ចែករំលែក៖