ខេត្តស្វាយរៀង៖ និស្សិតវ័យ២៣ឆ្នាំម្នាក់ក្រោយរៀនចប់ផ្នែកកសិកម្ម បានសម្រេចចិត្តសុំឪពុកម្ដាយបើកកសិដ្ឋានចិញ្ចឹមគោ ជាលក្ខណៈគ្រួសារនៅលើផ្ទៃដីទំហំ១ហិកតា ដោយចំណាយដើមទុនសរុបជិត១០ម៉ឺនដុល្លារនៅក្រុងស្វាយរៀង។
លោក សរ ផាត់ អាយុ៦៣ឆ្នាំ ជាមន្ត្រីសុខាភិបាលចូលនិវត្តន៍ នៅភូមិសាមគ្គី សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង បានឲ្យដឹងថា កូនប្រុសរបស់គាត់ឈ្មោះ សរ ផានិត អាយុ២៣ឆ្នាំ។
ក្រោយពីបញ្ចប់ការសិក្សាផ្នែកកសិកម្មមក កូនរបស់លោក មានបំណងចង់បើកកសិដ្ឋានចិញ្ចឹមសត្វគោ ជាលក្ខណៈគ្រួសារ ហើយលោកក៏បានបំពេញបំណងកូន ដោយបានចែកដីស្រែចំនួន១ហិកតាឲ្យកូន ដើម្បីរៀបចំកសិដ្ឋាន។
លោក សរ ផាត់ បានបន្តថា ការបើកកសិដ្ឋាននេះ ត្រូវប្រើប្រាស់ដើមទុនអស់ជិត១០ម៉ឺនដុល្លារ គឺការចាក់ដីការសាងសង់រោង ក្រោលគោ ការទិញពូជស្មៅ សម្រាប់ចំណីគោ។
លោកបន្តទៀតថា ការចាក់ដី និងសាងសង់រោងចំណាយថវិការជាង៣ម៉ឺនដុល្លារ ការទិញពូជស្មៅ (ស្មៅភីងក្រាស់ និងស្មៅបារាំង) និងការៀបចំប្រពន្ធ័ទឹកស្អាតសម្រាប់ប្រើប្រាស់ស្រោចស្មៅ និងសំអាតក្រោល អស់ជាង១ម៉ឺនដុល្លារ។ ទិញពូជគោ កូនកាត់ពូជគោវៀតណាម ចំនួន៥៥ក្បាល ញី៣២ក្បាល ក្នុង១ក្បាលតម្លៃ ជាង១ពាន់ដុល្លារ សរុបជាង៥ម៉ឺនដុល្លារ។
ការបើកកសិដ្ឋាន និងចាប់ដំណើរការចិញ្ចឹមគោនេះ គឺចាប់ពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ មកដល់ខែកញ្ញា២០២៤នេះមានរយៈពេលជិត៨ខែប៉ុណ្ណោះ។
លោកបានទិញទឹកមេជីវិត ពូជគោត្រាម៉ាន់ អូស្ត្រាលី មកបង្កាត់ពូជ គោមេពូជចំនួន៣២ក្បាល រួចហើយ។
លោក សរ ផាត បានឲ្យដឹងទៀតថា ដើម្បីបង្វឹលថវិកា ទៅលើការចំណាយស្មៅចំបើងថ្នាំវ៉ាក់សាំង គឺត្រូវចិញ្ចឹមគោក្តាម ក្នុងស្រុកផងដែរ ដើម្បីដោះដូរ និងលក់យកថវិកា សម្រាប់ប្រើប្រាស់ក៏ប៉ុន្តែបច្ចុប្បន្ន គោរស់ គោក្តាមមានតម្លៃថោក គោជំទង់១ក្បាល លក់បានតម្លៃត្រឹ៥០ម៉ឺន ទៅ៦០ម៉ឺនបុណ្ណោះ ឈ្មួញទិញយកទៅកាប់សាច់ឬដុត។
ទោះបីជាយ៉ាងណាកសិដ្ឋានចិញ្ចឹមគោរបស់កូនគាត់នៅតែដំណើរការរលូន ដោយគាត់លក់គោឈ្មោល២ក្បាល គោកូនកាត់បាន១ក្បាល១,៥០០ដុល្លារដែរ ដូច្នេះនៅពេលមេគោពូជទម្លាក់កូន៣២ក្បាល កសិដ្ឋាននឹងរីកចំរើនជាក់ជាមិនខាន។