ក្រុមហ៊ុន Boeing និងសហជីព IAM នឹងត្រឡប់មកចរចានៅដើមសប្តាហ៍ក្រោយ ដើម្បីដោះស្រាយបញ្ហាប្រាក់បៀវត្សរ៍ និងប្រាក់រង្វាន់ ដែលជាមូលហេតុនៃកម្មករជាង 30,000 នាក់ធ្វើកូដកម្មនៅក្រុមហ៊ុននេះ។
កាលពីថ្ងៃទី 13 ខែកញ្ញា សេវាសម្របសម្រួលសហព័ន្ធអាមេរិក បាននិយាយថា សហជីព Boeing និងសមាគមអន្តរជាតិនៃអ្នកផលិតគ្រឿងយន្ត និងម៉ាស៊ីនអវកាស (IAM) នឹងត្រលប់ទៅការចរចាវិញនៅដើមសប្តាហ៍ក្រោយ ដើម្បីដោះស្រាយស្ថានភាពកម្មករធ្វើកូដកម្មនៅក្រុមហ៊ុនអាកាសចរណ៍នេះ ។
ទីភ្នាក់ងារនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយតិចជាងមួយថ្ងៃបន្ទាប់ពីកូដកម្មបានផ្ទុះឡើងថា “ភាគីនឹងបន្តកិច្ចប្រជុំនៅដើមសប្តាហ៍ក្រោយ”។
ប្រធានផ្នែកហិរញ្ញវត្ថុ លោក Brian West បាននិយាយថា ក្រុមហ៊ុន Boeing ចង់ត្រឡប់ទៅតុចរចាវិញ ពីព្រោះកូដកម្មរបស់កម្មករនឹងធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍មានការលំបាកបន្ថែមទៀតក្នុងការសម្រេចបាននូវគោលដៅផលិតកម្ម 737 MAX របស់ខ្លួន និងធ្វើឱ្យមានស្ថិរភាពដល់ខ្សែចង្វាក់ផ្គត់ផ្គង់របស់សហជីព IAM ក៏ចង់ត្រលប់ទៅតុចរចាឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។
កាលពីមុននៅថ្ងៃទី 13 ខែកញ្ញា សមាជិកជាង 30,000 នៃសហជីព IAM នៅរោងចក្រចំនួនពីរនៅ Seattle និង Portland រដ្ឋ Washington (សហរដ្ឋអាមេរិក) បានបោះឆ្នោតសម្រេចលើកិច្ចព្រមព្រៀងកិច្ចសន្យាថ្មីជាមួយក្រុមហ៊ុន Boeing បន្ទាប់ពី 16 ឆ្នាំ។ 94.6% នៃកម្មករដែលចូលរួមក្នុងការបោះឆ្នោតបានបដិសេធការផ្តល់ជូនរបស់ក្រុមហ៊ុន Boeing ហើយ 96% បានគាំទ្រការធ្វើកូដកម្ម ។
យោងតាម Reuters មូលហេតុដែលកម្មករធ្វើកូដកម្មគឺដោយសារតែនាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Boeing គឺលោក Kelly Ortberg បានផ្តល់កិច្ចព្រមព្រៀងដំឡើងប្រាក់ឈ្នួល 25% ក្នុងរយៈពេល 4 ឆ្នាំ ទាបជាង 40% ដែលកម្មករទាមទារ។ ពួកគេក៏បានប្រយុទ្ធដើម្បីទទួលបានប្រាក់រង្វាន់ប្រចាំឆ្នាំដែលបានកាត់បន្ថយរបស់ពួកគេមកវិញ៕ ដោយ៖ ធីរីណា
រូបថត៖ Reuters