ព័ត៌មានទាន់ហេតុការណ៍៖

នាំយកអំណោយរបស់សម្តេចធិបតីហ៊ុន ម៉ាណែត ចែកជូនប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍បឹងត្រាវ ជាង១០០គ្រួសារ នៅសង្កាត់ព្រែកថ្មី

ចែករំលែក៖

  ភ្នំពេញ៖ ប្រជាពលរដ្ឋជាង១០០គ្រួសាររស់នៅក្នុងសហគមន៍បឹងត្រាវ មានទីតាំងនៅក្នុងភូមិចំពុះក្អែក១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ  បានទទួលអំណោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តាមរយៈអាជ្ញាធរខណ្ឌច្បារអំពៅនាំយកទៅចែកជូនដល់សហគមន៍ ។ 

     សកម្មភាពនាំយកអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត ទៅចែកជូនប្រជាពលរដ្ឋដល់លំនៅដ្ឋាននេះធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ដឹកនាំដោយលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ  , លោកម៉ៅ សឿត អធិការនគរបាលខណ្ឌ  រួមជាមួយក្រុមការងារជាច្រើននាក់ទៀត ។ 

    មានមតិសំណេះសំណាលនិងផ្ដាំផ្ញើក្នុងកម្មវិធីមនុស្សធម៌នេះដែរ លោកអភិបាលខណ្ឌបានថ្លែងដូច្នេះថា ថ្វីដ្បិតតែអំណោយទាំងនេះមិនសមប្រកបទៅតាមការចង់បានរបស់បងប្អូនយ៉ាងណាក៏ដោយ តែបានសម្រាលការលំបាករបស់បងប្អូនមួយរយៈពេលដែរ  ហើយនេះជាទឹកចិត្តដ៏ប្រពៃរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត  ផ្តល់ជូនតាមរយៈឯកឧត្តមអភិបាលរាជធានីភ្នំពេញ បន្ទាប់មកលោកអភិបាលរាជធានីភ្នំពេញបានបន្តនាំយកអំណោយសម្តេចធិបតី ផ្តល់ឱ្យអាជ្ញាធរខណ្ឌដើម្បីយកមកចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត  បងប្អូនប្រជាពលរដ្ឋ រងគ្រោះដោយអគ្គិភ័យ បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ   

   លោកអភិបាលខណ្ឌបានបន្តថា ក្រោមដំបូលសន្តិភាពប្រទេសជាតិយើងមានការរីកចម្រើន ឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ យើងចូលរួមទាំងអស់គ្នាដើម្បីថែរក្សាសន្តិភាព បន្តការអភិវឌ្ឍរីកចម្រើន ថែមទៀត ។ អ្វីដែលសំខាន់ ចាប់តាំងពីបងប្អូនមករស់នៅក្នុងសហគមន៍ នេះ គឺបងប្អូនមានភាពកក់ក្តៅដោយសារតែអាជ្ញាធរខណ្ឌបានយកចិត្តទុកដាក់រៀបចំលំនៅឋានចែកជូនបងប្អូននិង ធ្វើប្លង់ជាលក្ខណៈប្រព័ន្ធជូនបងប្អូន ដែលបងប្អូនមានសិទ្ធិ កាន់កាប់ តកូនតចៅ មានប្រព័ន្ធទឹក ភ្លើង និងភ្លើងបំភ្លឺផ្លូវ ។

    នៅចុងបញ្ចប់លោកអភិបាលខណ្ឌបានផ្ដាំផ្ញើបន្ថែម ដល់បងប្អូនប្រជាពលរដ្ឋ បើមានបញ្ហា នៅក្នុងសហគមន៍ បញ្ហាជីវភាពគ្រួសារ បញ្ហាមិនប្រក្រតីណាមួយដែលកើតឡើង ត្រូវរាយការណ៍បន្ទាន់ ដល់អាជ្ញាធរ សង្កាត់និងខណ្ឌ ដើម្បីរិះរកមធ្យោបាយដោះស្រាយជូនបងប្អូន ។

    ក្នុងនាមអាជ្ញាធរខណ្ឌច្បារអំពៅ សូមអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ក៍ដូចជានៅក្នុងសហគមន៍ទាំងអស់ សូមកុំជួលផ្ទះឲ្យក្រុមរកស៊ីបើក ល្បែងអនឡាញ ឆ្នោតឡូតូ និងល្បែងស៊ីសងផ្សេងៗ ទៀត ។ ល្បែងស៊ីសងទាំងអស់នោះត្រូវបាន ប្រមុខរាជរដ្ឋាភិបាលដែលមានសម្ដេច មហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ចេញបញ្ជាឲ្យលុបបំបាត់ខាងតែបាន នៅទូទាំងប្រទេស មិនថាតែនៅក្នុងខណ្ឌច្បារអំពៅប៉ុណ្ណោះទេ ។ ដូច្នេះសូមបងប្អូនទាំងអស់រស់នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅនិងនៅតាមសហគមន៍ សូមចូលរួមជាមួយអាជ្ញាធរ សមត្ថកិច្ចខណ្ឌ ក្នុងការអនុវត្តបទបញ្ជារបស់សម្ដេចនាយករដ្ឋមន្ត្រីឲ្យបានម៉ឺងម៉ាត់បំផុត ។

    អំណោយដែលយកមកចែកជូននៅពេលនេះក្នុងមួយគ្រួសារៗ ទទួលបានអង្ករ២៥ គីឡូក្រាម  ទឹកត្រី១យួរ  ទឹកស៉ីអ៉ីវ១យួរ ៕

ដោយ៖ សណ្តោស


ចែករំលែក៖