ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃអាទិត្យទី១៥ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈថ្ងៃនេះអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដីរហូតដល់៥៥%។
ក្រសួងធនធានទឹក បានបញ្ជាក់ថា ដោយសារព្យុះទី១៣ឈ្មោះ ប៊ីប៊ីនកា នៅតែបន្តមានឥទ្ធិពលខ្លាំងលើខ្យល់មូសុងនិរតី ដែលបក់លើ សមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ ខណៈសម្ពាធទាប គ្របដណ្តប់លើ ភាគកណ្តាលនៃអាង ទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤
១-តំបន់វាលទំនាប៖
-សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៤°C។ ខ្យល់បក់ មកពីទិសនិរតី និងពាយ័ព្យ មានល្បឿនមធ្យម ៥ម៉ែត្រ វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើ ផ្ទៃដី៥០%។
២-តំបន់ខ្ពង់រាប៖
-សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C។ ខ្យល់បក់មក ពីទិសនិរតី និងបស្ចិម មានល្បឿនមធ្យម ៤,៥ម៉ែត្រ វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៥៥%។
៣-តំបន់មាត់សមុទ្រ៖
-សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C។ ខ្យល់បក់មកពី ទិសនិរតី និងពាយ័ព្យ មានល្បឿន មធ្យម ៥ម៉ែត្រ វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី៣០%។
-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា ២,៥០ម៉ែត្រ៕
ដោយ៖ តារា