ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតី “បើកការដ្ឋានសាងសង់ អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត រោងជាង និង អគារវេជ្ជសាស្ត្រស៊ីក្លូត្រុង នៃមន្ទីរពេទ្យកាល់ម៉ែត” ។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត មានដូចខាងក្រោម៖
-សម្តេចធិបតី ថ្លែងថា ការបើកការដ្ឋានសាងសង់នាពេលនេះ ឆ្លើយតបទៅនឹងការរីកចម្រើន នៃបច្ចេកវិទ្យានាយកសម័យបដិវត្តន៍ឧស្សាហកម្ម 4.0 សំដៅរួមលើកកម្ពស់ស្ថានភាពសុខភាព ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ន និងទៅអនាគតព្រមទាំងធានាបាននូវសុខល្អ របស់ប្រជាពលរដ្ឋយើងនៅជំនាន់ក្រោយៗទៀត ។
-សម្ដេចធិបតី ថ្លែងថា ជំហានទី១ ដែលរាជរដ្ឋាភិបាលកំពុងអនុវត្តការផ្ដល់សេវាសុខាភិបាលល្អទៅថ្នាក់ក្រោមជាតិ គឺតាមរយៈការពង្រាយមន្រ្ដី ដើម្បីធ្វើយ៉ាងណាផ្ដល់សេវាសុខាភិបាលឱ្យ ដល់ប្រជាពលរដ្ឋឱ្យបាន២៤ម៉ោងលើ២៤ម៉ោង ជាពិសេសចំពោះការផ្ដល់សេវាសង្គ្រោះបឋមណាមួយដែលកើតមានឡើងនៅមូលដ្ឋាន។
-សម្តេចធិបតី ថ្លែងថា អគារមន្ទីរពេទ្យដែលបើកការដ្ឋាន សាងសង់ថ្មីនេះ អាចចតឧទ្ធម្ភាគចក្របាន ខណៈអគារនេះ មានកម្ពស់២៥ជាន់ ដោយចំណាយថវិការាប់សិបលានដុល្លារអាមេរិក។
-សម្តេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលបាននឹងកំពុងធ្វើការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្តការបំពាក់ឧបករណ៍ពេទ្យការបណ្ដុះបណ្ដាលការជ្រើសរើស និងការពង្រាយគ្រូពេទ្យនៅបុគ្គលិកបច្ចេកទេស។ ក៏ដូចជាការផ្គត់ផ្គង់ឱសថជាសារវន្ត។នៅតាមមណ្ឌលសុខភាព និងមន្ទីសពេទ្យបង្អែកស្រុកៗ។ផ្ដល់សេវាថែទាំសុខភាពដោយគុណភាពជូនប្រជាពលរដ្ឋជាមូលដ្ឋាន ។
-សម្ដេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលអាណត្តិទី៧ បន្តពង្រឹងការផ្ដល់សេវាសុខាភិបាលឱ្យបានល្អប្រសើរទៅដល់ប្រជាពលរដ្ឋ ក្នុងនោះការអនុវត្តអភិក្រមទី១ គឺការអនុវត្តពីលើចុះក្រោម ការធ្វើទំនើបកម្មសេវាឱ្យកាន់តែទំនើប និងអភិក្រុមទី២ គឺការអនុវត្តពីក្រោមទៅលើវិញ គឺផ្ដល់សេវាសុខាភិបាលឱ្យបានល្អទៅដល់ថ្នាក់ក្រោមជាតិ។
-សម្ដេចធិបតី ថ្លែងថា គ្រូពេទ្យធ្វើការងាររបស់ទេវតា ខណៈដែលពេទ្យបានចូលរួមដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋ។
-សម្ដេចធិបតី ថ្លែងថា កុំបន្ទន់ កុំទម្លាក់ស្ដង់ដារសុខាភិបាល ត្រូវដាក់វិន័យឱ្យតឹងរឹង ពីព្រោះការសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋ គឺមានសារសំខាន់ណាស់។
-សម្ដេចធិបតី ថ្លែងថា អំពាវនាវឱ្យមានការចូលរួមវាយតម្លៃ ពីក្រសួងសុខាភិបាល ជាពិសេសលើការបណ្ដុះបណ្ដាលលើការផ្ដល់សេវាសុខាភិបាល។
-សម្ដេចធិបតី ថ្លែងថា ជំរុញឱ្យបង្កើនគុណភាពការបណ្ដុះបណ្ដាលសិស្សពេទ្យឱ្យមានគុណភាព និងស្ដង់ដារខ្ពស់ ខណៈដែលគុណភាពលើវិស័យសុខាភិបាលនេះ មិនត្រឹមតែអាចជួយសង្គ្រោះ ព្យាបាលប្រជាពលរដ្ឋបានល្អប៉ុណ្ណោះទេ ប៉ុន្ដែក៏បានចូលរួមលើកកម្ពស់មុខមាត់វិស័យសុខាភិបាលកម្ពុជាផងដែរ។
-សម្ដេចធិបតី ថ្លែងថា ការអនុវត្តការងារមិនអាចបានដូចចិត្តក្នុងរយៈពេល១ថ្ងៃទេ ប៉ុន្ដែយើងត្រូវមើលទៅលើការអនុវត្ត ដូច្នេះការអនុវត្តលើវិស័យសុខាភិបាលរបស់កម្ពុជាក៏ដូច្នោះដែរ រាជរដ្ឋាភិបាលអាណត្តិទី៧នេះ កំពុងខិខំពង្រឹងដើម្បីធ្វើយ៉ាងណាផ្ដល់សេវាសុខាភិបាល្អទៅដល់ប្រជាពលរដ្ឋ។
-សម្ដេចធិបតី ថ្លែងថា ក្រសួងសុខាភិបាលសូមយកចិត្តទុកដាក់សហការជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីបង្កើត telecom conference ដើម្បីទំនាក់ទំនងការងារពិគ្រោះយោបល់ឲ្យមានប្រសិទ្ធភាពនៅតាមមូលដ្ឋាន ដើម្បីទំនើបកម្មវិស័យសុខាភិបាលនៅកម្ពុជា។
-សម្ដេចធិបតី ថ្លែងថា ណែនាំដល់មន្រ្ដីសុខាភិបាលថ្នាក់តំបន់ ត្រូវបង្កើនការយកចិត្តទុកដាក់លើការសង្គ្រោះ ឬព្យាបាលបឋម ចំពោះប្រជាពលរដ្ឋ ឬអ្នកជំងឺដែលមករកសេវាព្យាបាលនៅមូលដ្ឋាននោះ។
-សម្ដេចធិបតី ថ្លែងថា អំពាវនាវឱ្យសមត្ថកិច្ចពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ឱ្យបានល្អ ខណៈបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ កំពុងសម្លាប់ជីវិតប្រជាពលរដ្ឋនៅលើដងផ្លូវជារៀងរាល់ថ្ងៃ។
-សម្ដេចធិបតី ថ្លែងណែនាំឱ្យ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ រៀបចំឡានក្រុង ដើម្បីជូនប្រជាពលរដ្ឋ ទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ។
-សម្ដេចធិបតី ថ្លែងថា លើកទឹកចិត្តដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់លើការការពារសុខភាព និងត្រូវទៅពិនិត្យសុខភាពឱ្យបានញឹកញាប់ នៅទីតាំងផ្ដល់សេវាសុខាភិបាល។
-សម្តេចធិបតី ថ្លែងថា អគារមន្ទីរពេទ្យដែលបើកការដ្ឋាន សាងសង់ថ្មីនេះ អាចចតឧទ្ធម្ភាគចក្របាន ខណៈអគារនេះ មានកម្ពស់២៥ជាន់ ដោយចំណាយថវិការាប់សិបលានដុល្លារអាមេរិក។
គួរជម្រាបជូនថា អគារមន្ទីរពេទ្យដែលបើកការដ្ឋានសាងសង់នេះ មានតួនាទីសំខាន់ៗដូចខាងក្រោម៖
*ទី១៖ អគារមជ្ឈមណ្ឌលកណ្តាល នឹងរួមចំណែកដល់ការបង្កើនសមត្ថភាពមន្ទីរពេទ្យក្នុងការទទួលពិនិត្យព្យាលអ្នកជំងឺ ដែលកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ព្រមទាំងសមត្ថភាពបច្ចេកទេស ឬគ្លីនិកនៃសេវាព្យាបាលតាមឯកទេសនីមួយៗ ប្រកបដោយនវានុវត្តដែលផ្តោតលើគុណភាពជាមូលដ្ឋាន។ មជ្ឈមណ្ឌលកណ្តាលនេះ មានកម្ពស់ ២៥ជាន់ បណ្តោយ ៦៤,៨០ម៉ែត្រ និងទទឹង ៤៩,៥០ម៉ែត្រ ស្មើនឹង ៦៥,៥២១ ម៉ែត្រក្រឡា។
*ទី២៖ អគារចំណត និងរោងជាង នឹងផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ ដែលប្រើប្រាស់មធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន មកទទួលសេវាពិគ្រោះ និងសេវាព្យាបាលនៅមន្ទីរពេទ្យ។ អគារចំណតនិងរោងជាងនេះ មានបណ្តោយ៧២ម៉ែត្រ ទទឹង ២៩ម៉ែត្រ និងកម្ពស់ ១៣ជាន់ ស្មើនឹង ២៨,៥៦៨ម៉ែត្រក្រឡា។
*ទី៣៖ អគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង គឺជាគម្រោងទី១ ក្នុងប្រវត្តិសាស្ត្រនៃវេជ្ជសាស្រ្តកម្ពុជា ត្រូវបានផ្តួចផ្តើមគំនិតឡើងដោយក្រុមសាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែត និងបានធ្វើការប្រឹក្សាយោបល់លើបច្ចេកទេសសាងសង់អគារ និងបំពាក់ឧបករណ៍សម្ភារ: ដែលទាមទារបច្ចេកទេសសំណង់ក្រោមដីស្មុគស្មាញតាមនិយាមសកល ដោយសហការជាមួយអ្នកជំនាញការក្រុមហ៊ុន Archetype និង G.E. HealthCare PTE LTD និងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)។ គម្រោងនេះ នឹងផ្តល់អត្ថប្រយោជន៍ដ៏ពិសិដ្ឋសម្រាប់អ្នកជំងឺ ជាពិសេសអ្នកជំងឺមហារីក៕
ដោយ៖ តារា