ភ្នំពេញ៖ សម្ដេចធិបតីហ៊ុន ម់ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានណែនាំដល់ក្រសួងសុខាភិបាល ត្រូវបង្កើនគុណភាពការបណ្ដុះបណ្ដាលសិស្សពេទ្យឱ្យមានគុណភាព និងស្ដង់ដារខ្ពស់ដើម្បីពេលពួកគេចេញទៅប្រកការងារអាចធានាសុវត្ថិភាព និងការពារអាយុជីវិតរបស់អ្នកជំងឺ។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌលកណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង»នៅមន្ទីរពេទ្យកាល់ម៉ែត នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការបង្កើនគុណភាពការបណ្ដុះបណ្ដាលសិស្សពេទ្យឱ្យមានគុណភាព និងស្ដង់ដារខ្ពស់ទាំងជំនាញរឹង និងជំនាញទន់ មិនត្រឹមតែអាចជួយសង្គ្រោះព្យាបាលប្រជាពលរដ្ឋបានល្អប៉ុណ្ណោះទេ ប៉ុន្ដែក៏បានចូលរួមលើកកម្ពស់មុខមាត់វិស័យសុខាភិបាលកម្ពុជាផងដែរ។
សម្ដេចធិបតីបានបញ្ជាក់ថា វិស័យសុខាភិបាលមានភាពរីកចម្រើន គឺត្រូវធ្វើឱ្យប្រជាពលរដ្ឋមានភាពជឿជាក់ក្នុងការព្យាបាលជំងឺទាំងរដ្ឋ និងឯកជននៅក្នុងប្រទេស ដោយមានទំនុកទុកចិត្ដ និងព្យាបាលទុកចិត្ដបាន។សម្ដេចធិបតីបន្ថែមថា ការពង្រឹងគុណភាព និងបណ្ដុះបណ្ដាលលើវិស័យសុខាភិបាលត្រូវធ្វើឱ្យបានជាប់ជាប្រចាំ ដើម្បីធានាការជឿទុកចិត្ដ និងសំខាន់បំផុតជីវិតរស់នៅរបស់ប្រជាពលរដ្ឋ សុខភាពពលរដ្ឋ ដែលជាកក្ដាសំខាន់សម្រាប់ទ្រទ្រង់គ្រប់វិស័យទាំងអស់នៃសេដ្ឋកិច្ចជាតិ។
ជាមួយគ្នានេះ សម្ដេចធិបតី បានអំពាវនាវឱ្យសាកលវិទ្យាល័យទាំងរដ្ឋ និងឯកជនយកចិត្ដទុកដាក់លើគុណភាពសិស្ស ដោយមានការចូលរួមវាយតម្លៃ ពីក្រសួងសុខាភិបាល ជាពិសេសលើការបណ្ដុះបណ្ដាលលើការផ្ដល់សេវាសុខាភិបាល ដើម្បីជៀសវៀងកុំយកបរិមាណ តែត្រូវធានាគុណភាពជាធំ ខណៈគ្រូពេទ្យធ្វើការងាររបស់ទេវតាចូលរួមដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋ ។
ទន្ទឹមនឹងនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ជំហានទី១ ដែលរាជរដ្ឋាភិបាលកំពុងអនុវត្ត គឺការផ្ដល់សេវាសុខាភិបាលល្អទៅថ្នាក់ក្រោមជាតិ គឺតាមរយៈការពង្រាយមន្រ្ដី ដើម្បីធ្វើយ៉ាងណាផ្ដល់សេវាសុខាភិបាលឱ្យដល់ប្រជាពលរដ្ឋឱ្យបាន២៤ម៉ោងលើ២៤ម៉ោង ជាពិសេសចំពោះការផ្ដល់សេវាសង្គ្រោះបឋមណាមួយដែលកើតមានឡើងនៅមូលដ្ឋាន ដើម្បីធានាការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាល អាណត្តិទី៧ នីតិកាលរដ្ឋសភានេះ នឹងខិតខំពង្រឹងគុណភាពនៅតាមមណ្ឌលសុខភាព នៅ ទូទាំងប្រទេសទាំងអស់ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ពោលគឺត្រូវតែផ្តល់សេវាជូនបងប្អូន ប្រជាពលរដ្ឋ ២៤ម៉ោងលើ២៤ម៉ោង។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានថ្លែងថា នឹងបន្តយកចិត្តទុកដាក់ និង ពង្រឹងគុណភាពមណ្ឌលសុខភាព នៅតាមមូលដ្ឋានទូទាំងប្រទេស ដោយពង្រឹងការពង្រាយ គ្រូពេទ្យ បន្ថែមទៀត គ្រប់ពេល វេលាទាំងអស់ ហើយចំពោះវិស័យសុខាភិបាលនេះ រាជរដ្ឋាភិបាលមិនអាច ទម្លាក់ស្តង់ដានោះទេ គឺត្រូវតែ ពង្រឹងគុណភាព និងស្តង់ដាឲ្យកាន់តែច្បាស់លាស់ ដែលត្រូវតែធ្វើការបណ្តុះបណ្តាលគ្រូពេទ្យប្រកប ដោយស្តង់ដា និងជាក់លាក់បំផុត និងគ្រប់ទីកន្លែងទាំងអស់។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានបន្ថែមទៀតថា ដើម្បីទទួលបានជំនឿ ទុកចិត្តពី ប្រជាពលរដ្ឋ មកលើប្រព័ន្ធសុខាភិបាលក្នុងស្រុក រាជរដ្ឋាភិបាលត្រូវតែបង្កើន សមត្ថភាព នៃការព្យាបាល និង គុណភាពពេទ្យ ដោយ ក្រសួងសុខាភិបាលត្រូវតែធ្វើទំនើបកម្មនូវ វិស័យ សុខាភិបាលនេះឲ្យកាន់តែខ្លាំងក្លា បន្ថែមទៀតតាំងពីថ្នាក់ជាតិរហូតដល់មូលដ្ឋាន។
សម្តេចធិបតី បានលើកឡើងទៀតថា យើងសុខចិត្តមាន ពេទ្យ១០នាក់ ដែលមានជំនាញ ច្បាស់លាស់ វាប្រសើរជាជាងមានពេទ្យច្រើនតែមិនមានជំនាញជាក់លាក់ និងក្រមសីលធម៌។
សូមបញ្ជាក់ថា អគារមន្ទីរពេទ្យដែលបើកការដ្ឋាន សាងសង់ថ្មីដែលស្ថិតនៅបរិវេនមន្ទីរពេទ្យ កាល ម៉ែតនេះ អាចចត ឧទ្ធម្ភាគចក្រ បាន ខណៈអគារនេះ មានកម្ពស់២៥ជាន់ ដោយចំណាយ ថវិកា រាប់សិបលានដុល្លារអាមេរិក៕
ដោយ ៖ សិលា