ភ្នំពេញ៖ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឱ្យដឹងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះថា៖ នារីជាជនសង្ស័យម្នាក់ ត្រូវបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់ ក្រោយឃាត់ខ្លួនពីបទលួចកាបូបយួរដៃរបស់ថៅកែខ្លួនចំនួន០២ កើតហេតុនៅក្នុងមូលដ្ឋានសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ប្រភពដដែលបន្តថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកកាលពីរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ពីបទ៖ លួច (លួចកាបូបយួរដៃចំនួន០២) ឃាត់ខ្លួននៅចំណុចហាងយីហោ BACK STAGE OF CLOBBER ទីតាំងផ្ទះលេខ២១១ ផ្លូវលេខ១៥៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន៣ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើសនៅចំណុចហាងយីហោ CLOBBER ដែលមានទីតាំងផ្ទះលេខ២៨ ផ្លូវលេខ៥៩២ ក្រុមទី៥៣ ភូមិ០៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១៩:៣៧នាទីយប់ ។
ជនសង្ស័យឈ្មោះ វួចនី ហៅ នី ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិករត់តុ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវលំ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ វត្ថុតាងចាប់មាន៖ ១-ម៉ូតូចំនួន០១គ្រឿងម៉ាក HONDA VARIO ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ ភ្នំពេញ 1JO-7432 លេខតួ+លេខម៉ាស៊ីន MH1JM5113MK806058 ។
២-ដុំដែកសម្រាប់ដោះ SENSOR ចំនួន០១ ។
៣-កាបូបស្ពាយពណ៌សចំនួន០១ ។
៤-ទូរស័ព្ទដៃចំនួន០១គ្រឿងម៉ាក IPHONE 12 PRO MAX ពណ៌ខៀវ មានស៊ីមលេខ 071 50 74 409
៥-ទូរស័ព្ទដៃចំនួន០១គ្រឿងម៉ាក IPHONE 8 PLUX ពណ៌ទឹកមាស គ្មានស៊ីម ។
៦-កាបូបយួរដៃម៉ាក COACH ពណ៌ត្នោត និងកាបូបយួរដៃម៉ាក TORYBRUCH ពណ៌ទឹកសណ្តែក (ប្រគល់ឱ្យជនរងគ្រោះវិញតាមការស្នើសុំ) ។។
ជនរងគ្រោះឈ្មោះ ហេង ហុកឆាយ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ថៅកែហាង CLOBBER ស្នាក់នៅផ្ទះលេខ២៨ ផ្លូវលេខ៥៩២ ក្រុមទី៥៣ ភូមិ០៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បច្ចុប្បន្ន៖ ជនសង្ស័យខាងលើ រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បញ្ជូនខ្លួនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ តារា