ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន នៅចុងសប្តាហ៍នេះ

ចែករំលែក៖

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ លោក ចាវ ឡឺជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនចិនទូទាំងប្រទេសនៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។ 

ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងគោលបំណង ពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការសភា នៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយឡើង ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ស្របតាមស្មារតីនៃចំណងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងមិត្តភាពដែកថែបនៃប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនរឹងមាំឡើងជាលំដាប់ សំដៅបម្រើផលប្រយោជន៍ជូនប្រទេស និងប្រជាជនទាំងសងខាងឱ្យបានកាន់តែផុលផុសឡើង។

 តាមគម្រោងក្នុងដំណើរទស្សនកិច្ចនេះ សម្តេចរដ្ឋសភាធិការធិបតី នឹងជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសំខាន់ៗនៃស្ថាប័ននីតិប្បញ្ញត្តិនៃសាធារណរដ្ឋប្រជាមានិតចិន មានជាអាទិ៍ ជួបសម្តែងការគួរសម លោក វ៉ាង ហ៊ូនីង (Wang Huning) ប្រធានគណៈកម្មាធិការជាតិនៃសន្និសីទប្រឹក្សានយោបាយប្រជាជនទូទំាងប្រទេសចិន និងជួបពិភាក្សាការងារទ្វេភាគី ជាមួយ លោក ចាវ ឡឺជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនចិនទូទាំងប្រទេស។ 

ប្រធានរដ្ឋសភាកម្ពុជា-ចិន ក៏គ្រោងនឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងរដ្ឋសភាប្រទេសទាំងពីរ ដែលនឹងផ្តល់លទ្ធភាពកាន់តែទូលំទូលាយថែមទៀតដល់កិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរ ដូចជាការផ្លាស់ប្តូរដំណើរទស្សនកិច្ចនិងការចែករំលែកបទពិសោធន៍ការងារពីគ្នាទៅវិញទៅមកនៅគ្រប់កម្រិត។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងសមភាគី លោក ចាវ ឡឺជី ក៏នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគ្នាស្តីពីកិច្ចសហប្រតិបត្តិការ រវាងអគ្គលេខាធិការដ្ឋានរដ្ឋសភានៃប្រទេសទំាងពីរ ផងដែរ។ 

បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅទីក្រុងប៉េកាំង គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយ  សម្តេចរដ្ឋសភាធិបតី នឹងបន្តទស្សនកិច្ចនៅទីក្រុងសៀងហៃ ដែលនៅទីនោះ សម្តេចរដ្ឋសភាធិបតី នឹងទទួលជួបពិភាក្សាការងារជាមួយ មូយភាគីមិត្តចិន មួយចំនួនទៀត។ 

អំឡុងពេលទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា នឹងអញ្ជើញទៅ ទស្សនាតំបន់វប្បធម៌ ទេសចរណ៍ និងឧស្សាហកម្មសំខាន់ៗ ទាំងនៅទីក្រុងប៉េកំាងនិងក្រុងសៀងហៃ ដែលជាផ្នែកមួយសំខាន់នៃការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន ដែលជាគ្រឹះនៃការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទំាងពីរលើគ្រប់វិស័យ មានទេសចរណ៍ វប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំនិង  បច្ចេកវិទ្យាជាដើម៕

ដោយ ៖ សិលា


ចែករំលែក៖