ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញស្ថាបនាលូប្រអប់ផ្លូវជាតិលេខ៤ និងជញ្ជាំងបេតុង ប្រឡាយបារាំងមហាវិថីស៊ីជីនពីង សម្រាប់ការពាររំដោះទឹកជន់លិចរាជធានីភ្នំពេញ សម្រេចបាន១០ ភាគរយហើយ

ចែករំលែក៖

ភ្នំពេញ៖  ជាគម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋ ប្រព័ន្ឋលូ និងប្រព័ន្ឋរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ការដ្ឋានដាក់លូប្រអប់ទំហំ៤ម៉ែត្រx២ម៉ែត្រ នៅផ្លូវជាតិលេខ៤ប្រវែង៥៦៥០ម៉ែត្រ និងគម្រោងស្ថាបនាជញ្ជាំងបេតុងប្រឡាយបារាំងនៅមហាវិថីស៊ី ជីនពីង គិតត្រឹមថ្ងៃទី១៦ ខែកញ្ញាឆ្នាំ២០២៤នេះសម្រេចបានជាង១០ភាគរយហើយ។

  លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ថា៖ ការដ្ឋានដាក់លូប្រអប់ទំហំ៤ម៉ែត្រx ២ម៉ែត្រ នៅផ្លូវជាតិលេខ៤ ប្រវែវ៥៦៥០ម៉ែត្រ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យនិងគម្រោងស្ថាបនាជញ្ជាំងបេតុងនៃប្រឡាយបារាំង ចាប់ពីមហាវិថីស៊ី ជីនពីង ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលជាគម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋ ប្រព័ន្ឋលូ និងប្រព័ន្ឋរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គិតត្រឹមថ្ងៃទី១៦កញ្ញា យើងស្ថាបនាបានបានជាង១០ភាគរយហើយ។

លោកបានបន្ដថា៖ ការដ្ឋានដាក់លូប្រអប់ខ្នាតធំទំហំ ៤ម៉ែត្រx២ម៉ែត្រ នៅផ្លូវជាតិលេខ៤ ប្រវែ៥៦៥០ម៉ែត្រចាប់ពីមហាវិថី ស៊ី ជីនពីង( ផ្លូវខ្សែក្រវាត់ក្រុងទី៣)ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ ឆ្លងកាត់សង្កាត់កំបូល ខណ្ឌកំបូល ដល់ព្រំប្រទល់ស្រុកអង្គស្នួលខេត្តកណ្ដាល អាចរំដោះទឹកក្នុងខណ្ឌកំបូល និងខណ្ឌពោធិសែនជ័យ នាភូមិសាស្ត្ររាជធានីភ្នំពេញ។ 

ការដាក់លូប្រអប់ខ្នាតធំទំហំ ៤ម៉ែត្រx២ម៉ែត្រនេះ ជាការដ្ឋានមួយស្ថិតក្នុងគម្រោងផែនការវិនិយោគហេដ្ឋារចនា សម្ព័ន្ឋ ប្រព័ន្ឋលូ និងប្រព័ន្ឋរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។  គិតត្រឹមថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ គម្រោងនេះសម្រេចដាក់លូបានប្រវែង ៦២៤ម៉ែត្រ ត្រូវជា១១ភាគរយនៃគម្រោង។ការស្ថាបនាជញ្ជាំងបេតុងនៃប្រឡាយបារាំង ចាប់ពីមហាវិថីស៊ី ជីនពីង(ផ្លូវខ្សែក្រវាត់ក្រុងទី៣)ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលស្ថិតក្នុងគម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋ ប្រព័ន្ឋលូ និងប្រព័ន្ឋរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនោះ គិតត្រឹមថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ គម្រោងនេះ សម្រេចលទ្ឋផលបានប្រវែង៣២០ម៉ែត្រ ត្រូវជា៣០.២៧% នៃគម្រោង ។ គម្រោងនេះនឹងកាត់បន្ថយបាននូវការជន់លិចដោយទឹកភ្លៀងនៅតំបន់ខាងត្បូង និងខាងកើតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៃភូមិសាស្ត្រខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ ។

សូមបញ្ជាក់ថា៖ ផ្លូវខ្សែក្រវាត់ក្រុងទី៣ របស់រាជធានីភ្នំពេញត្រូវប្រសិទ្ធនាមឈ្មោះផ្លូវជាមហាវិថីស៊ី ជីនពីង កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

ដោយ ៖ សំរិត


ចែករំលែក៖