ភ្នំពេញ ៖ នៅថ្ងៃទី១៧កញ្ញា ឆ្នាំ២០២៤ ស្អែកនេះ ប្រតិភូ Gumball 3000 នឹងអញ្ជើញទៅទស្សនាថ្ងៃរះនៅប្រាសាទអង្គវត្ត ព្រមទាំងតាំងបង្ហាញរថយន្តប្រតិភូGumball និងរថយន្តក្នុងស្រុក ប្រភេទ Sport Car, Super Car, Luxury Car នៅបរិវេណមរណីយដ្ឋានអង្គរ ដើម្បីបំបែកកំណត់ត្រាGuinness World Records។
យោងតាមកម្មវិធី បានអោយដឹងថា ការតាំងបង្ហាញនេះ មានរថយន្តប្រតិភូGumball ចំនួនប្រមាណ ១៥០គ្រឿង និងរថយន្តមហាជនគាំទ្រក្នុងស្រុក ចំនួនប្រមាណ ២៥០គ្រឿង ។
ការតាំងបង្ហាញរថយន្តទំនើបៗរបស់សេដ្ឋីនិងតារាល្បីៗមកពីលោកខាងលិចនៅលើទឹកដីអង្គរ ដើម្បីបំបែកកំណត់ត្រាGuinness World Records នេះ. គឺជាសារមួយ ពាំនាំបង្ហាញពិភពលោកឱ្យស្គាល់ យល់ដឹងពីវប្បធម៌ អរិយធម៌ទេសចរណ៍ សេដ្ឋកិច្ច និងពីសង្គមខ្មែរ ដ៏រុងរឿងថ្កុំថ្កើងបន្ថែមទៀត។ កំណត់ត្រាប្រវត្តិសាស្ត្រនេះ គឺជាឱកាសមាសដើម្បី បង្ហាញពីកិត្យានុភាព កេរ្តិ៍ឈ្មោះកម្ពុជាឱ្យល្បីសុះសាយពេញសកលលោក។
តាមរយៈនេះ វិស័យទេសចរណ៍កម្ពុជា នឹងត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយទៅកាន់ឆាកអន្តរជាតិ រួមជាមួយ អ្នកចូលទស្សនាព្រឹត្តិការណ៍រាប់ពាន់រាប់លាននាក់(Views) តាមរយៈការបង្ហោះរូបភាពក្នុងបណ្តាញសង្គម។
ទន្ទឹមនេះ ព្រឹត្តិការណ៍នេះនឹង ផ្តល់នូវភាពជឿជាក់លើកម្ពុជាថា ជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព មានការអភិវឌ្ឍ ធានាបាននូវសន្តិសុខ សុវត្ថិភាព ចីរភាព និងភាពកក់ក្តៅជូនទេសចរគ្រប់រូបដែលអញ្ជើញមកទស្សនាកម្ពុជា។
សូមបញ្ជាក់ថាព្រឹត្តិការណ៍ប្រគំតន្ត្រីមហាជន ស្វាគមន៍គណៈប្រតិភូGumball ការតាំងបង្ហាញរថយន្តទំនើបៗនេះ បានរៀបចំនៅរាជធានីភ្នំពេញកាលពីរាត្រីថ្ងៃអាទិត្យ នៅតាមបណ្តោយផ្លូវខាងកើតវិមានឯករាជ្យ រហូតដល់រង្វង់មូលសម្តេចព្រះសង្ឃរាជ ជួន ណាតសួនច្បារមុខវត្តបទុមវតី។
លោក គុជ បញ្ជាសារ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានគណៈកម្មការអចិន្ត្រៃយ៍ បានប្រាប់បណ្តាញសារព័ត៌មានថា «បើតាមការគណនា និងការឯកភាពជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងកងកម្លាំងសមត្ថកិច្ច គឺក្នុងពិធីបើកព្រឹត្តិការណ៍ Gumball 3000 Rally នៅកម្ពុជា ដែលធ្វើឡើងនៅរាជធានីភ្នំពេញ នារាត្រីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ យប់មិញនេះ បានទាក់ទាញការចូលរួមពីមហាជន ប្រជាជន យុវជនចន្លោះពី៨-១០ម៉ឺននាក់»។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៦កញ្ញានេះ ប្រតិភូ Gumball 3000បានចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តសៀមរាប ហើយតាម ផ្លូវជាតិលេខ៦ ដោយមានរថយន្តប្រតិភូGumball ចំនួនប្រមាណ ១៥០គ្រឿង និងរថយន្តមហាជនគាំទ្រក្នុងស្រុក ចំនួនប្រមាណ ២៥០គ្រឿង ដើម្បីចូលរួមព្រឹត្តិការណ៍នៅសៀមរាប។
សូមបញ្ជាក់ថា Gumball 3000 ជាព្រឹត្តិការណ៍ប្រមូលផ្តុំដោយឡានរថយន្តទំនើបៗ និងអ្នកចូលរួមរាប់ពាន់នាក់ សុទ្ធសឹងជាបុគ្គលល្បីៗ មានដូចជា សេដ្ឋី អតីតកីឡាករ កីឡាករ តារាហូលីវូដ តារាចម្រៀង តារារ៉េប Youtuber Influencers និងបុគ្គលល្បីឈ្មោះជាច្រើនរូបទៀតនៅជុំវិញពិភពលោក។
បុព្វហេតុដែលនាំឱ្យព្រឹត្តិការណ៍នេះ មានឈ្មោះថា Gumball 3000គឺដោយសារតែរាល់ព្រឹត្តិការណ៍ Rally ម្តងៗ តម្រូវឱ្យធ្វើការបើកបរក្នុងរយៈចម្ងាយយ៉ាងតិច ៣០០០ម៉ាយ (miles) ស្មើនឹង៤៨០០ គីឡូម៉ែត្រក្នុងរយៈពេលយ៉ាងតិច៧ថ្ងៃ ឬមួយសប្តាហ៍។
ព្រឹត្តិការណ៍ Gumball 3000 ត្រូវបានប្រារព្ធឡើងដំបូងក្នុងឆ្នាំ១៩៩៩ ដោយជនជាតិអង់គ្លេស លោក Maximillion Cooper ជាស្ថាបនិក និងជានាយកប្រតិបត្តិនៃThe Gumball 3000 Group ដែលបានរៀបចំព្រឹត្តិការណ៍ដំណើរកម្សាន្ត ដំបូងចេញពីទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដើម្បីធ្វើដំណើរឆ្ពោះទៅកាន់ ទីក្រុង Rimini ប្រទេសអ៊ីតាលី។
ចំពោះព្រឹត្តិការណ៍ Gumball 3000 នៅឆ្នាំ២០២៤នេះ បានរៀបចំនៅអាស៊ីដោយចាប់ផ្តើមពី ប្រទេសវៀតណាម កម្ពុជា ថៃ និងម៉ាឡេស៊ី ដើម្បីឆ្ពោះទៅកាន់ប្រទេសសិង្ហបុរី ដោយឆ្លងកាត់ការកម្ពុជា រយៈពេល ២យប់ ៣ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤ តាមច្រកទ្វារព្រំដែន អន្តរជាតិបាវិត ខេត្តស្វាយរៀង និងចាកចេញពីកម្ពុជាទៅកាន់ប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕
ប្រភព ៖ ក្រសួងព័ត៌មាន