ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តតាកែវ រួមជាមួយមន្ទីរជំនាញជុំវិញខេត្ត អញ្ជើញចុះទស្សនកិច្ចតំបន់ព្រំដែនរវាងខេត្តតាកែវ និងខេត្តចំនួន២ របស់វៀតណាម

ចែករំលែក៖

ខេត្តតាកែវ ៖ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០២៤នេះ បានដឹកនាំមន្រ្តីជំនាញ នៃមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ បានអញ្ជើញចុះទស្សនកិច្ចតំបន់ព្រំដែនរវាងខេត្តតាកែវ និងខេត្តចំនួន២ របស់វៀតណាម គឺខេត្តអាងយ៉ាង និងខេត្តគៀនយ៉ាង ដោយចាប់ផ្ដើមពីបង្គោលព្រំដែនលេខ២៧៥ នៅច្រកទ្វាអន្តរជាតិភ្នំដិន និងបង្គោលព្រំដែនផ្សេងៗទៀត នៅក្នុងស្រុកគីរីវង់។

ក្នុងឱកាសចុះទស្សនកិច្ចនោះ លោក អភិបាលខេត្តតាកែវ បានលើកឡើងថា មិនមានការបង្ខិតបង្គោលព្រំដែន ដូចការចោទប្រកាន់របស់ក្រុមប្រឆាំងមួយចំនួនតូចនោះទេ ពោលគឺស្ថានភាពបង្គោលព្រំដែន គឺនៅដដែល ហើយសមត្ថកិច្ចដែលឈរជើងការពារនៅតាមព្រំដែនទាំងទាហ៊ាន និងនគរបាលបានឈរជើង និងការពារបង្គោលព្រំដែនបានយ៉ាងល្អប្រសើរ។

លោកអភិបាលខេត្តតាកែវ ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ កុំឱ្យចាញ់បោកការឃោសនារបស់ក្រុមប្រឆាំងមួយចំនួន ដែលបានចោទប្រកាន់ថា «មានការរំកិលបង្គោលព្រំដែន ជាពិសេសបង្គោលព្រំដែនលេខ២៧៥ នៅច្រកទ្វាអន្តរជាតិភ្នំដិន ហើយក៏មិនត្រូវជឿលើប្រព័ន្ធ Google Map ដែរ ព្រោះប្រព័ន្ធនេះមិនអាចផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវនៅតំបន់ដាច់ស្រយ៉ាល ឬផ្ទៀងផ្ទាត់ទៅលើបង្គោលព្រំដែននោះទេ៕

ដោយ ៖ សិលា


ចែករំលែក៖