ខេត្តសៀមរាប ៖ សកម្មភាពមួយចំនួននៃព្រឹត្តិការណ៍ Gumball 3000 ក្នុងថ្ងៃទី២ ចាប់ពីរាជធានីភ្នំពេញទៅដល់ខេត្តសៀមរាប។
សូមបញ្ជាក់ថា ៖ ក្នុងថ្ងៃទី២ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ប្រតិភូ Gumball 3000 បានបន្តដំណើរពីរាជធានីភ្នំពេញឆ្ពោះទៅខេត្តសៀមរាប ហើយក្នុងដំណើរបើកបរដោយខ្លួនឯងនេះ មានប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានចេញមកស្វាគមន៍តាមដងផ្លូវ។
ប្រតិភូ Gumball 3000 បានជិះទស្សនាតាមផ្លូវវង់តូច និងបានចូលរួមពិធីរាត្រីសមោសរនៅប្រាសាទបាយ័ន ដោយមានការសម្ដែងទស្សនីយភាពសិល្បៈ របាំ ចម្រៀងយ៉ាងសប្បាយរីករាយ ដែលពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) តំណាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ក្រៅពីនោះក៏មានការតាំងបង្ហាញរថយន្ត និងពិព័រណ៍ខ្នាតតូចនៅសួនច្បារព្រះរាជដំណាក់ ខេត្តសៀមរាបផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បានថ្លែងថា ៖ ប្រពៃណីយេីង យេីងរក្សា ថ្ងៃនេះយេីងបានផ្សព្វផ្សាយកាន់តែល្បឺសុសសាយដល់ពិភពលោក ពិសេសបងប្អូនជាភ្ញៀវទេសចរជាច្រេីននៃកម្មវិធី Gumball 3000 បានស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ និងទស្សនាសិល្ប:បុរាណខ្មែរ នៅពីមុខប្រាសាទបាយ័នរបស់ខ្មែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តថា ៖ សូមស្វាគមន៍មកកាន់កម្ពុជា និងរីករាយក្នុងការស្វាគមន៍អ្នកជានិច្ច ៕
ដោយ ៖ សិលា