ខេត្តក្រចេះ ៖ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ ជំនន់ទឹកភ្លៀងបានបង្កឲ្យជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋ ផ្លូវ សាលារៀន មណ្ឌលសុខភាព និងវត្តអារាម ស្ថិតនៅភូមិអញ្ចាញ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេធំ និងពេញមួយយប់ កាលពីយប់មិញ។
ក្រសួងធនធានទឹក និងឧតុនិយម សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ៖ មានព្យុះទី១៣ឈ្មោះ ប៊ីប៊ីនកាជាមួយនិងព្យុះទី១៤ឈ្មោះ ពូលឡាសាន ដែលកើតលើគន្លង តែមួយមានឥទ្ធិពលខ្លាំងលើខ្យល់មូសុងនិរតី បក់លើសមុទ្រអានជាមម៉ែន ឈូងសមុទ្រថៃ ខណៈសម្ពាធទាបនៅបន្តគ្របដណ្តប់លើ ភាគកណ្តាលនៃអាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើ ព្រះរាជាណាចក្រកម្ពុជា។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៧ខែកញ្ញា ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ តំបន់ខ្ពង់រាប៖
– សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C។ ខ្យល់បក់មក ពីទិសនិរតី និងពាយ័ព្យមានល្បឿនមធ្យម៥,៥ម៉ែត្រ វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមាន ភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៦០% ៕
ដោយ ៖ សិលា