ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរ​ឱ្យប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ព្រោះ​ទឹក​ទន្លេស្រែពកហក់​ឡើងខ្ពស់

ចែករំលែក៖

ខេត្តរតនគិរី៖ អាជ្ញាធរ​ឱ្យពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ព្រោះ​ទឹក​ទន្លេស្រែពកក្នុង​ខេត្តរតនគិរីកំពុង​ហក់​ឡើង។

លោក នូ ថេរ អភិបាលស្រុក​លំ​ផាត់ បាន​អំពាវនាវ​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង​តំបន់​ទំនាប និង​តាម​ដង​ទន្លេស្រែពកក៏​ដូច​ជា​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដងអូរដៃ​ទន្លេស្រែពកឱ្យមានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ព្រោះ​កម្ពស់​ទឹក​ទន្លេស្រែពក គិត​ត្រឹម​ម៉ោង​០៨​និង​៣២​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៤​នេះ បាន​ឡើង​ដល់​ចំណុច៩​ម៉ែត្រ​ហើយ កម្ពស់​ទឹក ដែល​កម្រិត​ប្រកាស​អាសន្នមាន​កម្ពស់ ១២,៥០​ម៉ែត្រ ។

យោង​តាមរបាយការណ៍​របស់​រដ្ឋបាល​ស្រុក​លំ​ផាត់ ដែល​បាន​ចុះ​ពិនិត្យ​ស្ថានីយទឹក នៅ​មុខ​វត្ត​លំ​ផាត់ នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៤ គិត​ត្រឹម​ម៉ោង​៨​.៣២​នាទី ឃើញថា កម្ពស់​ទឹកបើ​ធៀប​ទៅ​នឹង​ថ្ងៃ​ទី​១៧ ម្សិលមិញ​នេះ គឺ​កម្ពស់​ទឹក​នៅ​ព្រឹក​ថ្ងៃនេះ មានការ​កើនឡើង​ជាង ១ ម៉ែត្រ ។

លោក​អភិបាលស្រុកបាន​ចាត់​កងកម្លាំង​នៅ​ក្រោម​ឱវាទឱ្យមានការ​ត្រៀមលក្ខណៈ​រួច​ជា​ស្រេច ដើម្បី​ជួយ​សង្គ្រោះ​ដល់​ប្រជាពលរដ្ឋដែល​រង​ផល​ប៉ះពាល់​ដោយសារ​ជំនន់​ទឹកទន្លេ ក៏​ដូច​ជា​ជំនន់​ទឹកភ្លៀង ដែល​កើត​ឡើងជា​ជាយថាហេតុ។

សម្រាប់​ស្រុក​លំ​ផាត់ រដ្ឋបាល​ស្រុកបាន​ត្រៀម​ទីតាំង​ទួល​សុវត្ថិភាពសម្រាប់​ជួយ​ប្រជាពលរដ្ឋ​រួច​ជា​ស្រេច​។ 

ចំពោះ​មធ្យោបាយ លោក​បាន​ត្រៀម​ទូក កាណូត អូ​ប័​រ ដាក់​នៅ​ក្នុង​ទន្លេនិង​ដៃទន្លេ រួចរាល់​ហើយ នេះ​ជា​ការ​បង្ការ​ទុកជា​មុន​សម្រាប់​ជួយ​បងប្អូន​ប្រជាពលរដ្ឋ នៅ​ពេល​ដែល​មានបញ្ហាកើតឡើង​ចំពោះ​ទឹកជំនន់ ។

ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែកញ្ញានេះ​ផ្ទាល់ លោក​បាន​បញ្ជា​ឱ្យកម្លាំង​គ្រប់​ប្រភេទចុះ​បង្ការនិង​ជូនដំណឹង​ទៅ​ដល់​ប្រជាពលរដ្ឋដែល​រស់នៅ​តាម​ដងអូរ ដែល​ជាប់​នឹង​ទន្លេស្រែពក និង​ប្រជាពលរដ្ឋដែល​រស់នៅ​តាម​មាត់​ទន្លេស្រែពក ឱ្យពួក​គាត់​ត្រៀមលក្ខណៈ​ឲ្យ​បាន​ល្អ​ប្រសើរសម្រាប់​ការ​ជម្លៀស​មក​ទីទួល​មាន​សុវត្ថិភាព​៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖