ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ លោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងដែលធ្វេីឱ្យជន់លិចផ្ទះប្រជាពលរដ្ឋមួយចំនួនដែលរស់នៅតាមបណ្ដោយប្រឡាយត្រង់ចំណុចស្ពានភូមិបន្ទាយប្រិយ៍ (ព្រំប្រទល់ឃុំអណ្ដូងថ្ម និងឃុំសំរុង) និងបណ្ដាឃុំមួយចំនួនទៀតនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានធ្វើការណែនាំដល់អាជ្ញាធរស្រុក កងកម្លាំងប្រដាប់អាវុធ ត្រូវយកចិត្តទុកដាក់តាមដានស្ថានភាពអាកាសធាតុជាប់ជាប្រចាំ ពិសេសជួយជម្លៀសប្រជាពលរដ្ឋរងគ្រោះ មានដូចជា ចាស់ជរា និងកុមាររបស់យើងមកកាន់ទីទួលសុវត្ថិភាពឱ្យបានទាន់ពេលវេលា។
ក្រសួងធនធានទឹក និង ឧតុនិយម នៅព្រឹក ថ្ងៃ ពុធ ទី ១៨ ខែកញ្ញា ឆ្នាំ ២០២៤នេះ បានចេញសេចក្ដីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈ ព្យុះទី១៤ឈ្មោះ ពូលឡាសាន (Pulasan) ជាមួយនឹងវិសម្ពាធទាប ដែលកើតនៅសមុទ្រ ចិនខាងត្បូង បានមានឥទ្ធិពលខ្លាំងលើខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ ខណៈ សម្ពាធទាប នៅបន្តគ្របដណ្តប់លើភាគកណ្តាលនៃអាងទន្លេមេគង្គ និង លើព្រះរាជាណាចក្រកម្ពុជា។
តំបន់មាត់សមុទ្រ៖
-សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C។ ខ្យល់បក់មកពីទិសនិរតី និងពាយ័ព្យ មានល្បឿនមធ្យម ៥ម៉ែត្រវិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើ ផ្ទៃដី៤០%។
-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា១,៥០ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា ២,២៥ម៉ែត្រ៕
ដោយ ៖ សិលា