ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកប្រេងរបស់ក្រុមហ៊ុនចិនមួយបានបុកនិងកិនបុរសម្នាក់ស្លាប់នៅលេីផ្លូវបេតុងព្រៃស

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូមួយគ្រឿងតាមដងផ្លូវ ហេីយបានបើកវ៉ាជែងរថយន្តមួយគ្រឿងទៀតមិនផុតក៏ត្រូវបានរថយន្តម៉ាកហុីយ៉ាន់ដាយដឹកប្រេងរបស់ក្រុមហ៊ុនចិនមួយបេីកបុកនិងកិនបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុ ដោយបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង ១ និង១០នាទីរសៀល ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០២៤ នៅតាមបណ្ដោយផ្លូវបេតុងព្រៃស សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ 

សពជនរងគ្រោះមានឈ្មោះ សុខ សុវណ្ណរក្សា អាយុ១៨ឆ្នាំ មុខរបរជាសិស្សនៅវិទ្យាល័យជាសុីមសាមគ្គី ស្នាក់នៅភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ 

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា នៅមុនកេីតហេតុគេឃេីញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ 1M-3553 ធ្វេីដំណេីរតែម្នាក់ឯងតាមបណ្ដោយផ្លូវបតុងព្រៃសក្នុងទិញដៅពីកេីតទៅលិចដោយល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុក៏បានវ៉ាជែងរថយន្តបង្កម៉ាកហុីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 3G-1637 ដែលធ្វេីដំណេីរនៅខាងមុខ តែពេលបើកវ៉ាជែងផុតក៏ងាកមកស្ដាំដៃវិញក៏ធ្វេីឲ្យរថយន្តបង្កបុកម៉ូតូជនរងគ្រោះពីក្រោយនិងកិនអូសជាច្រេីនម៉ែត្ររងការខូចខាតម៉ូតូយ៉ាងដំណំ និងបណ្ដាលឲ្យម្ចាស់ម៉ូតូស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកេីតហេតុ ។ 

ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយសមត្ថកិច្ចជំនាញនៃ ការិយាល័យចរាចរណ៍ផ្លូវគោករាជធានី ភ្នំពេញ ធ្វេីការវាស់វែងយករថយន្តបង្ក និងម៉ូតូជនរងគ្រោះយកទៅទុក បណ្ដោះអាសន្ន រង់ចាំដោះស្រាយតាមច្បាប់នាពេលក្រោយ ។ ដោយឡែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ជំនាញធ្វើលិខិតប្រគល់សពឱ្យក្រុម គ្រួសារយកទៅធ្វើបុណ្យតាម ប្រពៃណី ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖