អន្តរជាតិ ៖ លោកFirass Abiadរដ្ឋមន្ត្រីសុខាភិបាលសាធារណៈលីបង់ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ១៧ខែកញ្ញាថា ករណីផ្ទុះឧបករណ៍ទំនាក់ទំនងនៅកន្លែងជាច្រើនក្នុងប្រទេសលីបង់នៅរសៀលដដែលនោះបានបណ្តាលឱ្យមានមនុស្សយ៉ាងតិចណាស់ ៩ នាក់ស្លាប់បាត់បង់ជីវិត និងប្រហែល ២៨០០ នាក់ទៀតរងរបួស។ នេះបើយោងតាមការផ្សាយពី គេហទំព័រ «CCFR China state-controlled media » នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ។
គេហទំព័រ «CCFR China state-controlled media » បញ្ជាក់ថា ៖ ក្រសួងការបរទេសលីបង់បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃដដែល ដោយថ្កោលទោសចំពោះប្រទេសអ៊ីស្រាអែលដែលបានបង្កការវាយប្រហារតាមអ៊ីនធឺណែត ដោយធ្វើសកម្មភាពក្នុងចេតនាបំផ្លាញសន្តិសុខដ៏ធ្ងន់ធ្ងរ ព្រមទាំងបានគំរាមកំហែងថានឹងពង្រីកការប៉ះទង្គិចជាមួយលីបង់។
យោងតាមការផ្សាយដំណឹងនៃប្រព័ន្ធផ្សព្វផ្សាយលីបង់ឱ្យដឹងថា ថ្មនៅក្នុងឧបករណ៍ទំនាក់ទំនងត្រូវបានត្រូវបញ្ជាឱ្យបំផ្ទុះពីចម្ងាយ។ ស្ថាប័នមានសមត្ថកិច្ចលីបង់បានចេញសេចក្ដីថ្លែងការណ៍បន្ទាន់មួយដែលតម្រូវឱ្យពលរដ្ឋទាំងអស់ដែលយកឧបករណ៍ទំនាក់ទំនងនេះតាមខ្លួនត្រូវយកទៅបោះចោលជាបន្ទាន់៕
ដោយ ៖ សិលា