ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឲ្យលោក ឧត្តមសេនីយ៍ទោ ទីម៉ូធី ជេ.ដុនណេឡេន (Timothy J. Donnellan) នាយសេនាធិការ និងជាមេបញ្ជាការរដ្ឋអាយដាហូ ឆ្មាំជាតិសហរដ្ឋអាមេរិក និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅអគ្គមេបញ្ជាការដ្ឋាន។
នៅក្នុងជំនួបនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងនូវការស្វាគមន៍ចំពោះដំណើរមកបំពេញទស្សនកិច្ចរបស់លោក ឧត្តមសេនីយ៍ទោ ទីម៉ូធី ជេ.ដុនណេឡេន នៅកម្ពុជានាពេលនេះ ហើយតានរយៈទស្សនកិច្ចនេះ ពិតជាបាននាំមកនូវការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកងទ័ពប្រទេសទាំងពីរ។
ឯកឧត្តម បានរំលេចពីទំនាក់ទំនងការទូតរវាងកម្ពុជានិងអាមេរិក នៅក្នុងរយៈពេលជាង៧០ឆ្នាំមកនេះ និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានចូលរួមស្វែងរកសន្តិភាពនៅកម្ពុជានាទសវត្សន៍៩០ ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ និងការរួមចំណែកអភិវឌ្ឍកម្ពុជាលើច្រើនវិស័យ។
ក្នុងនាមក្រសួងការពារជាតិ និងអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការយោធាកម្ពុជា-សហរដ្ឋអាមេរិក នាពេលកន្លងមក ពិសេសការបំពេញទស្សនកិច្ចរបស់ឯកឧត្តម ឡយ អូស្ទីន រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកនៅកម្ពុជា កន្លងទៅ។
ឯកឧត្តម អគ្គមេបញ្ជាការ បានស្នើដល់ភាគីកងទ័ពសហរដ្ឋអាមេរិកជួយបណ្តុះបណ្តាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ ការផ្លាស់ប្តូរទស្សនកិច្ច ការផ្លាស់ប្តូរព័ត៌មានរួមគ្នាទប់ស្កាត់អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នា និងការបន្តបេសកកម្មរុករកអដ្ឋិធាតុជនជាតិអាមេរិកបាត់ខ្លួនក្នុងទឹកដីកម្ពុជា និងបង្កើនកិច្ចសហប្រតិបត្តិការយោធារវាងប្រភេទទ័ពនិងប្រភេទទ័ព។
ជាកិច្ចឆ្លើយតប លោកឧត្តមសេនីយ៍ទោ ទីម៉ូធី ជេ.ដុនណេឡេន បានថ្លែងនូវអំណរគុណចំពោះ ឯកឧត្តមអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបានសម្ដែងនូវក្តីរំភើបរីករាយចំពោះការមកដល់ព្រះរាជាណាចក្រកម្ពុជា ទឹកដីអង្គរដ៏ស្រស់ស្អាត។
លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់ពីគោលបំណងនៃដំណើរបំពេញទស្សនកិច្ចនេះ គឺដើម្បីបន្តអនុវត្តខ្លឹមសារបួនចំណុចដែលលើកឡើងដោយរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក ក្នុងអំឡុងនៃដំណើរបំពេញទស្សនកិច្ចនៅកម្ពុជាកន្លងទៅ រួមមាន៖ ការបណ្ដុះបណ្ដាលកងកម្លាំងថែរក្សាសន្តិភាព ការងារដោះមីន ការងារមនុស្សធម៌ និងការងារសង្គ្រោះគ្រោះអន្តរាយ។
លោកឧត្តមសេនីយ៍ទោ ទីម៉ូធី បានសម្ដែងនូវការជឿជាក់ថា ទៅថ្ងៃអនាគតប្រទេសទាំងពីរ សហរដ្ឋអាមេរិកនិងកម្ពុជា នឹងបន្តកសាងទំនាក់ទំនងល្អជាមួយគ្នា ក៏ដូចជាបន្តធ្វើការហ្វឹកហ្វឺនរួមគ្នា តាមខ្លឹមសារដែលបានលើកឡើងបួនចំណុចដោយរដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក៕
ដោយ៖ សិលា